សម្ដេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅក្នុងបរិវេណបណ្ណាល័យជាតិ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

សូមជម្រាបជូនថា ពិព័រណ៍ខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនេះប្រព្រឹត្តទៅក្រោមប្រធានបទ «មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។

 

បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សាបណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និង ជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតក ទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ។ លើសពីនេះទៅទៀត ពិព័រណ៍ខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវគោលដៅចំនួន ៣ ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក៖

 

*ទី១. ការចងចាំនិងលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវដំណើរវិវត្តន៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានការកសាងស្ថាប័ននយោបាយ និរន្តរភាពវប្បធម៌ ស្ថេរភាពនយោបាយ សន្តិភាព និង បទពិសោធរស់រាននានាដែលត្រូវបានចងក្រងជាឯកសារ អស់រយៈពេលជាងមួយសតវត្សរ៍នៅក្នុងបណ្ណ សារជាតិនៃកម្ពុជា។ បើទោះបីជាអគារបណ្ណសារដ្ឋានដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ១៩២៦ ក៏ដោយ កម្មវិធីពិព័រណ៍នេះក៏អាចនឹងបង្ហាញពីឯកសារសម័យមុនអាណាព្យាបាល ដូចជា ការដាក់តាំងបង្ហាញនូវសាស្ត្រាស្លឹករឹត ឬឯកសារចម្លងពីសិលាចារឹកដែលបង្ហាញពី «ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខ្មែរ» តាំងពីបុរាណនិង ជួយឱ្យអ្នកទស្សនាឃើញថា បណ្ណសារដ្ឋានជាតិជាអ្នកបន្តវេនថែរក្សាដួងព្រលឹងជាតិដែលមានឫសគល់យូរ លង់។

 

*ទី២. ការអប់រំ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដើម្បីផ្លាស់ប្តូរទស្សនៈសាធារណៈដែលតែងតែ យល់ថា បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកឯកសារចាស់ៗ ទៅជាស្ថាប័នចងចាំដ៏ទំនើបដែលមានសារៈ សំខាន់ចាំបាច់សម្រាប់ការអភិបាលកិច្ច ការស្រាវជ្រាវ និងការថែរក្សាលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ។

 

*ទី៣. ការទូតវប្បធម៌ និងការចូលរួមជាអន្តរជាតិ ដើម្បីជំរុញឱ្យមានការចូលរួមរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី (Francophonie) និងដៃគូអន្តរជាតិក្នុងការព្រឹត្តិ និងពង្រីកទំនាក់ទំនងវប្បធម៌ ជាពិសេសជាមួយប្រទេស បារាំង និងការលើកកម្ពស់របៀបវារៈកំណែទម្រង់វិស័យបណ្ណសាររបស់កម្ពុជា។

...

 

ឆ្លៀតឱកាសនេះ កម្មវិធី ពិព័រណ៍ខួប ១០០ឆ្នាំ ក៏អាចរៀបចំជូនគណៈប្រតិភូបណ្តាប្រទេសហ្វ្រង់កូហ្វូនី មកទស្សនាទីតាំងបណ្ណសារ ជាតិ និងពិព័រណ៍ដោយផ្ទាល់ផងដែរ ដែលការណ៍នេះនឹងបង្ហាញអំពីចំណងទាក់ទងស៊ីជម្រៅតាមរយៈ ប្រវត្តិសាស្ត្រ វប្បធម៌ និងបណ្ណសារ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មប្រព័ន្ធបណ្ណសាររបស់ខ្លួន ក៏ដូចជាស្វែងរកការគាំទ្រនិងមានសក្តានុពលសម្រាប់ការប្រមូលបណ្ណសារមកកាន់ មាតុភូមិវិញ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print