ខេត្តគ័នស៊ូ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជាដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ទៅចូលរួមព្រឹត្តិការណ៍ទេសចរណ៍ «The 9th Silk Road (Dunhuang) International Cultural Expo» នៅទីក្រុងទុងហ័ង ( Dunhuang) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន, លោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះបានអញ្ជើញចូលរួមជាគណើអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើក «ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រ លើកទី៩» នៅទីក្រុងទុនហ័ង (Dunhuaage) ខេត្តគ័នស៊ូ (Gansu) នៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមពីលោក Wu Xiaojun លេខាធិការបក្សប្រចាំខេត្តគ័នស៊ូ, លោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក, លោក Jiang Hui អនុរដ្ឋមន្ត្រីនៃនាយកដ្ឋានឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន, លោក Sun Weidong អគ្គលេខាធិការដ្ឋានយន្តការចិន-អាស៊ីកណ្តាល, លោក Shahbaz Khan នាយកការិយាល័យប្រចាំតំបន់អាស៊ីបូព៌ារបស់អង្គការយូណេស្កូ ព្រមទាំងប្រតិភូ និងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិសរុបជាង400 រូបពីប្រទេសជាង50ពីគ្រប់ទ្វីប។
ថ្លែងក្នុងព្រឹត្តិការណ៍ទេសចរណ៍អន្តរជាតិ និងដ៏អាធិកអធមនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំពិព័រណ៍នេះចំនួន ៨លើកកន្លងមក ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តគ័នស៊ូ និងរដ្ឋបាលក្រុងទុនហ័ង ដែលបានរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ដែលស្របតាមស្មារតីនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានលើកឡើងថា ខេត្តគ័នស៊ូ គឺជាមជ្ឈមណ្ឌលស្នូលនៃវិថីសូត្របុរាណដែលមានសម្បត្តិបេតិកភណ្ឌវប្បធម៌ទេសចរណ៍ និងធម្មជាតិដ៏សម្បូរបែប ជាពិសេសរូងភ្នំម៉ូកៅ នៅទីក្រុងទុនហ័ង រីឯកម្ពុជាមានប្រាសាទអង្គរវត្ត និងប្រាង្គប្រាសាទប្រវត្តិសាស្ត្រ និងជាជាច្រើនសុទ្ធសឹងជាកំណប់ទ្រព្យនៃអរិយធម៌មនុស្សជាតិ ដែលគំនិតផ្តួចផ្តើម «កិច្ចសន្ទនារវាងរូងភ្នំម៉ូកៅ និងប្រាសាទអង្គរវត្ត» បានក្លាយជាចំណុចដ៏សំខាន់ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងអរិយធម៌តាមបណ្តោយវិថីសូត្រ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរដែលមានបេតិកភណ្ឌពិភពលោកដូចគ្នា។
លោករដ្ឋមន្ត្រី ក៏បានបន្ថែមថា ពិព័រណ៍វប្បធម៌អន្តរជាតិវិថីសូត្រលើកទី៩ គឺជាវេទិកាទេសចរណ៍វប្បធម៌ដ៏មានសារៈសំខាន់ក្នុងការជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រជាជន ទេសចរណ៍ ការផ្លាស់ប្តូរវប្បធម៌ និងការរៀនសូត្រពីគ្នាទៅវិញទៅមករវាងអរិយធម៌ទឿងអស់ ជាពិសេសការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍។
ក្នុងព្រឹត្តការណ៍ទេសចរណ៍កម្រិតអន្តរជាតិដ៏ធំនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងបន្តវេនដោយសម្តេចបហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា គឺជាគោលដៅទេសចរណ៍ប្រកបដោយសុខសុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ហើយបានត្រៀមខ្លួនជាស្រេចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះមិត្តចិន និងមិត្តអន្តរជាតិទាំងអស់ មកទស្សនាកម្ពុជាដែលជាទីកន្លែងដែលធានាថារាល់ការស្នាក់នៅ ការកម្សាន្តទេសចរណ៍ និងការធ្វើធុរកិច្ច នឹងប្រព្រឹត្តទៅដោយរលូន ទទួលបាននូវអារម្មណ៍សុវត្ថិភាព និងកក់ក្តៅ ប្រៀបដូចជាការត្រឡប់មកកាន់ផ្ទះកំណើតរបស់ខ្លួន។
សូមជម្រាបជូនថាទំនាក់ទំនងមិត្តភាពកម្ពុជា និងចិន មានប្រវត្តិសាស្ត្រយូរលង់មកហើយគឺតាំងពីសម័យហ្វូណនមកម្ល៉េះ ជាពិសេស ឆ្នាំ២០២៦ នេះ គឺជាខួបលើកទី៦៨ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ត្រូវបានកសាង និងពង្រឹងជាបន្តបន្ទាប់ក្លាយជា “មិត្តដែកថែប” តាមរយៈថ្នាក់ដឹកនាំជំនាន់មុន និងបច្ចុប្បន្ន ព្រមទាំងទទួលបានការគាំទ្រពីប្រជាជននៃប្រទេសទាំងពីរ៕
ដោយ៖ស តារា










