ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់យ៉ាងច្បាស់អំពីសារៈសំខាន់នៃការចងចាំ និងការថែរក្សាមរតកឯកសាររបស់ជាតិ។
នាឱកាសនោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការរៀបចំពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ (១៩២៦-២០២៦) នេះ ត្រូវបានរៀបចំឡើងយ៉ាងពិសេសស្របពេលដែលកម្ពុជាកំពុងរៀបចំខ្លួនយ៉ាងសកម្មក្នុងការពង្រឹងតួនាទីខ្លួនលើឆាកអន្តរជាតិ តាមរយៈការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០។
ជាមួយគ្នានោះផងដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ពិព័រណ៍ខួបមួយសតវត្សរ៍នេះ មិនត្រឹមតែជាការរំលឹកឡើងវិញនូវអនុស្សាវរីយ៍ ឬប្រវត្តិសាស្ត្រកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាវេទិកាជាតិដ៏មានសារៈសំខាន់ ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងអភិរក្ស ការថែទាំ និងការធ្វើទំនើបកម្មមរតកបេតិកភណ្ឌឯកសារ និងការចងចាំរបស់ជាតិ ដើម្បីបន្សល់ទុកជាប្រយោជន៍ដល់យុវជនជំនាន់ក្រោយ និងការសិក្សាស្រាវជ្រាវតទៅមុខទៀត៕
ដោយ ៖ សិលា










