សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ខួប ១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីពិព័រណ៍ខួប១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិនៃកម្ពុជា នៅក្នុងបរិវេណបណ្ណាល័យជាតិ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ពិព័រណ៍ខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនេះប្រព្រឹត្តទៅក្រោមប្រធានបទ «មួយសតវត្សរនៃការចងចាំ ឆ្ពោះទៅការលើកកម្ពស់អត្តសញ្ញាណជាតិ» ជាឱកាសរំលឹកដំណើររបស់ស្ថាប័នថែរក្សាមរតកឯកសារ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអភិរក្ស និងធ្វើឱ្យបណ្ណសារក្លាយជាចំណេះដឹងដែលអាចសិក្សា និងប្រើប្រាស់បាន។

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

– សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិព័រណ៍បណ្ណសារដ្ឋានជាតិ ខួប១០០ឆ្នាំ (១៩២៦-២០២៦) ត្រូវបានរៀបចំឡើងស្របពេលដែលកម្ពុជាត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ។ ពិព័រណ៍នេះ មិនត្រឹមតែរំលឹកនូវអនុស្សាវរីយ៍ប៉ុណ្ណោះទេ ប៉ុន្តែជាវេទិកាថ្លែងការជាតិដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលក្នុងការអភិរក្ស ការថែទាំ និងធ្វើទំនើបកម្មមរតកបេតិកភណ្ឌឯកសារ និងការចងចាំរបស់របស់ជាតិ។

– សម្ដេចធិបតី ថ្លែងថា ការរៀបចំពិព័រណ៍បណ្ណសារដ្ឋានជាតិ ជាសក្ខីភាពបង្ហាញពីស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាកេរមរតកឯកសារ បណ្ណសារ និងបណ្ណសារដ្ឋាន ដែលជាទ្រព្យ និងជាខណ្ឌខ្សែច្រវាក់នៃការចងចាំរបស់ជាតិមិនអាចឱ្យបាត់បង់ ឬខូចខាត។ ដូចសុភាសិតខ្មែរ បានរំលេចថា ដើមឈើមានឫស ទើបឈរបានមាំ។ ឯកសារ បណ្ណសារទាំងនេះហើយ គឺជាឫសគល់ ឫសកែវ នៃអត្តសញ្ញាណ និងចំណេះដឹងជាតិ ដែលតម្រូវឱ្យយើងខិតខំអភិរក្សទាំងឯកសាររូបវន្ត និងការធ្វើឌីជីថល ដើម្បីឱ្យកូនចៅជំនាន់ក្រោយមានមូលដ្ឋានគ្រឹះរឹងមាំក្នុងការសិក្សាស្រាវជ្រាវ។

– សម្ដេចធិបតី ថ្លែងថា កម្ពុជាមានប្រពៃណីកត់ត្រា និងថែរក្សាទុកឯកសារតាំងពីយូរណាស់មកហើយ ពោលគឺតាំងពីមុនសម័យអង្គរ ហើយបុព្វបុរសខ្មែរបន្តកេរមរតកដ៏មានតម្លៃនេះរហូតមក។ តាមរយៈភស្តុតាងនៅសម័យមុនអង្គរ និងអង្គរ បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរសម័យបុរាណមានប្រពៃណីកត់ត្រាទុកលើសម្ភារច្រើនប្រភេទ ដូចជាស្លឹករឹត ក្រាំង ផ្នត់ ដែលជាក្រាំងធ្វើពីក្រដាសក្រាស់ ស្បែកសត្វ ថ្ម និងលោហៈ ជាដើម។

– សម្ដេចធិបតី ថ្លែងថា កម្ពុជាមានចំនួនផ្ទាំងចារឹកច្រើនជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកសារដែលបានចងក្រងរក្សាទុក ជាប្រភេទឯកសារប្រវត្តិសាស្ត្រ និងរាជការ ឯកសារគតិយុត្ត និងរដ្ឋបាល ឯកសាររូបថត និងផែនទី ប្លង់ដី សេដ្ឋកិច្ច និងសារពើពន្ធ និងឯកសារនានា និងក្បួនច្បាប់ដែលសរសេរជាភាសាខ្មែរបុរាណ សំស្ក្រឹត និងភាសាបាលីជាដើម ដែលនេះសុទ្ធតែជាងតឹកតាងយ៉ាងសំខាន់ក្នុងការកសាងប្រវត្តិសាស្ត្រខ្មែរសម័យបុរាណ។

– សម្ដេចធិបតី ថ្លែងថា ចាប់តាំងពីការកកើត រហូតដល់អាយុកាល១០០ឆ្នាំ បណ្ណសារដ្ឋានជាតិ បានឆ្លងកាត់របត់ និងព្យុះភ្លៀងប្រវត្តិសាស្ត្រយ៉ាងច្រើន ពិសេសក្នុងយុគសម័យដ៏ខ្មៅងងឹត នៃរបបប្រល័យពូជសាសន៍ ខ្មែរក្រហម ដែលនៅពេលនោះ កន្លែងនេះ ត្រូវបានគេបោះបង់ចោល និងយកធ្វើជាកន្លែងចិញ្ចឹមសត្វ និងបំផ្លិចបំផ្លាញឯកសារជាច្រើន ជាដើម។

– សម្ដេចធិបតី ថ្លែងថា បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិ បានក្លាយជាទីតាំងបេតិកភណ្ឌជាតិ ដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអត្តសញ្ញាណជាតិ អធិបតេយ្យ និងបូរណភាពទឹកដី។ តាមរយៈបណ្ណសារដ្ឋានជាតិ ដែលជាទីតាំងតម្កល់ឯកសារប្រវត្តិសាស្ត្រ ផែនទី សន្ធិសញ្ញា និងកំណត់ត្រាផ្លូវការ ដែលមានប្រភពច្បាស់លាស់ បានធ្វើឱ្យកន្លែងនេះក្លាយជាប្រភពភស្តុតាងដើម្បីគាំទ្រដល់ការសិក្សា ការកំណត់ជំហរផ្លូវការ និងការការពារផលប្រយោជន៍ជាតិ។

សម្ដេចធិបតី ថ្លែងថា ធនាគារជាតិទុកមាស ប៉ុន្ដែបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ទុកមាសដែលមានតម្លៃជាងមាសដុំ។

– សម្ដេចធិបតី ថ្លែងថា ការរៀបចំពិព័រណ៍ ខួប១០០ឆ្នាំ នៃបណ្ណាសារដ្ឋានជាតិ ក៏ជាសាក្សីរំលេចយ៉ាងច្បាស់អំពីទំនាក់ទំនងជាប្រវត្តិសាស្ត្រ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរលង់របស់កម្ពុជា និងបារាំង។ តាមស្មារតីស្រាវជ្រាវរកឫសគល់ ទើបស្គាល់តម្លៃ យើងមិនអាចមើលរំលងនូវតួនាទីដែលមិនអាចខ្វះបានរបស់ប្រទេសបារាំងទាំងក្នុងអតីតកាល និងបច្ចុប្បន្ន។

– សម្ដេចធិបតី បានគូសបញ្ជាក់ថា ក្នុងកាលៈទេសៈដែលកម្ពុជាកំពុងមានបញ្ហាជម្លោះជាមួយប្រទេសជិតខាង គឺឯកសារបណ្ណសារប្រវត្តិសាស្ត្រពីសន្ធិសញ្ញាផ្លូវការ និងផែនទីដែលបានចងក្រង និងរក្សាទុកដោយភាគីបារាំងនេះហើយ ដែលជាអាវក្រោះការពារតាមផ្លូវច្បាប់ និងភស្តុតាងប្រវត្តិសាស្ត្រដ៏មានតម្លៃបំផុត ក្នុងការអះអាង និងការការពារទឹកដី អធិបតេយ្យ និងខ្សែព្រំដែនស្របច្បាប់របស់កម្ពុជា។

 

សម្ដេចធិបតី ថ្លែងថា ការប្រទាក់ក្រឡានៅក្នុងការថែរក្សា និងប្រើប្រាស់នៅឯកសារប្រវត្តសាស្រ្ដនូវគ្រប់វិស័យមានភាពទាក់ទងគ្នា នៅក្នុងនោះ បណ្ណាល័យជាតិ និងបណ្ដាសារដ្ឋានជាតិ ស្ថាប័នទាំងពីរនេះ មានតួនាទីភារកិច្ច និងចំណុចមួយចំនួនខុសគ្នា, ការរក្សាឯកសារ និងទិសដៅខុសគ្នា។

– សម្ដេចធិបតី បានលេីកឧទាហរណ៍ បណ្ណាសារដ្ឋានជាតិ រក្សាទុកឯកសាររដ្ឋ ឯកសារដើម ផែនទីផ្សេងៗ, បណ្ណាល័យជាតិ តួនាទីថែរក្សា ឯកសារស្រាវជ្រាវមួយចំនួន និងសៀវភៅផ្សេងៗ ប៉ុន្ដែទោះជាយ៉ាងណា ក៏មានភាពលក្ខណៈដូចគ្នាទាំងពីរ ពីព្រោះមានតួនាទីជាអ្នកថែរក្សា និងចែកចាយឯសារគ្រប់ទម្រង់ក្នុងការស្រាវជ្រាវ។

សម្ដេចធិបតី ថ្លែងណែនាំឱ្យពង្រឹងការគ្រប់គ្រងបណ្ណាសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ជាពិសេសការធ្វើអភិបាលកិច្ច ក្នុងនោះត្រូវដាក់ឯកសារទាំងអស់ទៅក្នុងមជ្ឈមណ្ឌលទិន្ន័យជាតិដើម្បីរក្សាទុក និងការពារហានិភ័យផ្សេងៗ។

សម្ដេចធិបតី ថ្លែងថា ដុំមាសគេមើលឃើញ យកទៅធ្វើខ្សែកបាន ប៉ុន្ដែក្រដាសមួយសន្លឹកនៅដល់ ២០០ឆ្នាំមុន ឯកសារដែលពុកផុយនេះ មានតម្លៃចែកចាយសម្រាប់ប្រទេសយើងជាងមាសមួយដុំ ដែលត្រូវថែរក្សា។

គួរជម្រាបថា បណ្ណសារដ្ឋានជាតិបានបំពេញតួនាទីជាឃ្លាំងរក្សាបណ្ណសារប្រវត្តិសាស្ត្រ សៀវភៅបុរាណ កាសែត ផែនទី និងកំណត់ត្រាសំខាន់ៗ ជាស្ពានឆ្លងកាត់របត់ប្រវត្តិសាស្ត្រ និង ជាថ្នាលចំណេះដឹងសម្រាប់អ្នកស្រាវជ្រាវ និងមនុស្សជំនាន់ក្រោយ។ ទោះឆ្លងកាត់សង្គ្រាម និងការលំបាក ក៏មរតក ទាំងនេះត្រូវបានថែរក្សាមកដល់សព្វថ្ងៃ ដោយសារការលះបង់ និងស្មារតីស្រឡាញ់ជាតិ។ លើសពីនេះទៅទៀត ពិព័រណ៍ខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិត្រូវបានរៀបចំឡើងដើម្បីសម្រេចបាននូវគោលដៅចំនួន ៣ ដែលផ្សារភ្ជាប់គ្នាទៅវិញទៅមក៖

*ទី១. ការចងចាំនិងលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញនូវដំណើរវិវត្តន៍ប្រវត្តិសាស្ត្ររបស់កម្ពុជាដែលមានការកសាងស្ថាប័ននយោបាយ និរន្តរភាពវប្បធម៌ ស្ថេរភាពនយោបាយ សន្តិភាព និង បទពិសោធរស់រាននានាដែលត្រូវបានចងក្រងជាឯកសារ អស់រយៈពេលជាងមួយសតវត្សរ៍នៅក្នុងបណ្ណ សារជាតិនៃកម្ពុជា។ បើទោះបីជាអគារបណ្ណសារដ្ឋានដាក់ឱ្យដំណើរការជាផ្លូវការនៅឆ្នាំ១៩២៦ ក៏ដោយ កម្មវិធីពិព័រណ៍នេះក៏អាចនឹងបង្ហាញពីឯកសារសម័យមុនអាណាព្យាបាល ដូចជា ការដាក់តាំងបង្ហាញនូវសាស្ត្រាស្លឹករឹត ឬឯកសារចម្លងពីសិលាចារឹកដែលបង្ហាញពី «ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលខ្មែរ» តាំងពីបុរាណនិង ជួយឱ្យអ្នកទស្សនាឃើញថា បណ្ណសារដ្ឋានជាតិជាអ្នកបន្តវេនថែរក្សាដួងព្រលឹងជាតិដែលមានឫសគល់យូរ លង់។

*ទី២. ការអប់រំ និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ដើម្បីផ្លាស់ប្តូរទស្សនៈសាធារណៈដែលតែងតែ យល់ថា បណ្ណសារដ្ឋានជាតិជាកន្លែងរក្សាទុកឯកសារចាស់ៗ ទៅជាស្ថាប័នចងចាំដ៏ទំនើបដែលមានសារៈ សំខាន់ចាំបាច់សម្រាប់ការអភិបាលកិច្ច ការស្រាវជ្រាវ និងការថែរក្សាលក្ខណៈសម្គាល់អត្តសញ្ញាណជាតិ។

...

*ទី៣. ការទូតវប្បធម៌ និងការចូលរួមជាអន្តរជាតិ ដើម្បីជំរុញឱ្យមានការចូលរួមរបស់គណៈប្រតិភូហ្វ្រង់កូហ្វូនី (Francophonie) និងដៃគូអន្តរជាតិក្នុងការព្រឹត្តិ និងពង្រីកទំនាក់ទំនងវប្បធម៌ ជាពិសេសជាមួយប្រទេស បារាំង និងការលើកកម្ពស់របៀបវារៈកំណែទម្រង់វិស័យបណ្ណសាររបស់កម្ពុជា៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print