សម្តេច ម៉ែន សំអន បើទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាមក៏សមាគមនារីនិងUNFPA បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ និងទទួលបានលទ្ធផលល្អប្រសើរ

ចែករំលែក៖

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានបញ្ជាក់ថា៖ បើទោះបីជាស្ថានភាពពិភពលោកកំពុងរងឥទ្ធិពលពីសង្គ្រាម ក៏សមាគមនារី និង (UNFPA) បានបញ្ចប់ការអនុវត្តគម្រោង៣ឆ្នាំ ប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានបញ្ជាក់បែបនេះ ខណៈសម្ដេចអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទជាផ្លូវការនូវគម្រោង សុខភាពបន្តពូជ និងសិទ្ធិ និងការលើកកម្ពស់យន្តការសម្របសម្រួលដំណើរការស្នើសុំរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រាប់ស្ត្រីបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានរៀប ចំនៅសណ្ឋាគារសូហ្វីតែលភូគីត្រា នៅថ្ងៃពុធ ៩រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធររាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ រួមទាំង លោកស្រី សាន់ដ្រា បឺនក្លាវ (Sandra Bernklau) នាយិកាទីភ្នាក់ងារអង្គការសហប្រ ជាជាតិដើម្បីប្រជាជន (UNFPA) ប្រចាំកម្ពុជា ផងដែរ។
តាមការលើកឡើងរបស់ លោកស្រី មៀច សុធារី អគ្គលេខាធិការសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ អំពីសកម្មភាពការងារ រយៈពេល ៣ឆ្នាំ បានបង្ហាញថា ៖សមាគមនារីបានជួយដល់ស្ត្រីបម្រើការនៅសេវាកម្សាន្តប្រមាណ២០,០០០នាក់ បានទទួលចំណេះដឹងពីសុខភាពបន្តពូជ សុខភាពផ្លូវភេទ និងសេវាពន្យារកំណើត និងការទទួលបានប័ណ្ណសុខភាព៖ ដោយសមាគមនារីបានសហការសម្រប សម្រួលចុះឈ្មោះស្ត្រីស្នើសុំប័ណ្ណថែទាំសុខភាពបានចំនួន ៣,៨៩៣នាក់ និងទទួលបានប័ណ្ណរួចរាល់ចំនួន ២,១៣៤នាក់ (រួមមានប័ណ្ណ ម.ស.ស,ប.ស.ស និងប័ណ្ណមូលនិធិសមធម៌ ឬប័ណ្ណក្រីក្រ)។
សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលផ្តោតលើកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព ដោយផ្តល់អាទិភាពលើវិស័យគន្លឹះទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដោយក្នុងនោះ ការអភិវឌ្ឍធនធានមនុស្ស គឺជាចំណុចស្នូលដ៏មានសារៈសំខាន់បំផុត ។ទន្ទឹមនោះសមាគមនារី និងមូលនិធិអង្គការសហប្រជាជាតិដើម្បីប្រជាជន (UNFPA) ក៏បានចូលរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ឌិភាព និងទទួលបាន លទ្ធផលជាទីមោទនៈ បើទោះបីជា យើងកំពុងរងឥទ្ធិពលអវិជ្ជមានពីការវិវត្តយ៉ាងស្មុគ្រស្មាញ នៃសភាពការណ៍អន្តរជាតិ និងឥទ្ធិពលពីសង្គ្រាមរុស្សី-អ៊ុយក្រែន សង្ក្រាមនៅមជ្ឈឹមបូព៌ា ពិសេសសង្គ្រាមឈ្លានពានរបស់ប្រទេសថៃមកលើអធិបតេយ្យភាព និងបូរណភាព ទឹកដីកម្ពុជាយ៉ាងណាក្តី។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្តល់អនុសា សន៍គន្លឹះចំនួន ៥ ចំណុចដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ទី ១. ជំរុញឱ្យស្ត្រីក្នុងវិស័យនេះទទួលបានរបបថែទាំសុខភាពដោយស្មើភាព និងគ្មានការរើសអើង។ ទី ២.បន្តអនុវត្តសេវាផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព និងឆាប់រហ័ស។ ទី ៣.ពង្រឹងភាពជាដៃគូ រវាងរដ្ឋ មូលដ្ឋាន អង្គការសង្គមស៊ីវិល និងម្ចាស់គ្រឹះស្ថានផ្ទាល់។ ទី ៤.ចែករំលែកព័ត៌មាន លើកទឹកចិត្តឱ្យមានការរាយការណ៍ពីបញ្ហាប្រឈមនានាដើម្បីដោះស្រាយទាន់ពេលវេលា។ ទី ៥.សំណូមពរដល់ម្ចាស់ជំនួយ និងដៃគូអភិវឌ្ឍន៍បន្តឧបត្ថម្ភដល់អង្គការក្នុងស្រុកដើម្បីដំណើរការគម្រោងសុខភាពបន្តពូជ និងការប្រយុទ្ធប្រឆាំងជំងឺអេដស៍បន្តទៀត ៕

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print