ភ្នំពេញ៖ អាជ្ញាធរខណ្ឌសែនសុខឃាត់រថយន្តកុងតឺន័រ៤គ្រឿងបើកលើផ្លូវហាមឃាត់ដែលធ្វើឲ្យខូចខាតផ្លូវទើបស្ថាបនារួច និងបែកគំរបលូ ប្រេះនិងស្រុតផ្លូវបេតុងក្នុងមូលដ្ឋានក្នុងភូមិពោងពាយ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមសម្ដីលោក ប៊ិន ចន្ថា ប្រធានសណ្តាប់ធ្នាប់សាលាខណ្ឌសែនសុខបានប្រាប់ថា បន្ទាប់ពីមានប្រជាពលរដ្ឋរាយការណ៍តាមទូរស័ព្ទទៅលោក បឹុល កុសល អភិបាលខណ្ឌថា មានរថយន្តធុនធំប្រភេទអូសទូកុងតឺន័របានមកចតលើផ្លូវបេតុងដែលធ្វើឲ្យមានការប្រេះស្រុតនិងកិនបែកលូទើបលោកអភិបាលបានបញ្ជាឲ្យលោកដឹកនាំកម្លាំងសណ្តាប់ធ្នាប់ខណ្ឌសហការណ៍ជាមូួយខាងកម្លាំងអាវុធហត្ថខណ្ឌចុះទៅឃាត់រថយន្តធុនធំខាងលើបានចំនួន៤គ្រឿងយកមករក្សាទុកនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌសែនសុខ។
ប្រជាពលរដ្ឋបានលើកឡើងថា រថយន្តធុនធ្ងន់ទាំងនេះតែងតែបង្កភាពភ័យខ្លាចនិងគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋដែលកំពុងចរាចរលើដងផ្លូវ និងបំផ្លាញផ្លូវសាធារណៈប្រជាពលរដ្ឋក៏បានសំណូមពរដល់អាជ្ញាខណ្ឌសែនសុខមេត្តាជួយពិនិត្យមើល និងមានចំណាត់ការចំពោះក្រុមរថយន្តធំៗទាំងនេះផង។
ពាក់ព័ន្ធការឃាត់រថយន្តធុនធំៗនេះ លោក បឹុល កុសល អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានប្រាប់តាមទូរស័ព្ទថា មូលហេតុដែលលោកឲ្យឃាត់រថយន្តទាំងនោះគឺដោយសាររថយន្តធុនធ្ងន់ខាងលើបានបើកចូលធ្វើឲ្យខូចលូក្នុងមូលដ្ឋាន ប្រេះផ្លូវបេតុង ដោយសារថយន្តដឹកធ្ងន់ៗ ហើយការឃាត់ទុកនេះដើម្បីឲ្យម្ចាស់រថយន្តទាំងនោះចូលខ្លួនមកធ្វើកិច្ចសន្យាជាមួយអាជ្ញាធរត្រឹមត្រូវដើម្បីធ្វើផ្លូវខាងលើឡើងវិញ និងហាមមិនឲ្យរថយន្តធុនធ្ងន់ចូលក្នុងមូលដ្ឋានទៀត បើរថយន្តដឹកទំនិញត្រូវរករថយន្តតូចៗមកសាងទើបចូលបាន៕
ដោយ៖ តុង សីហា