មេព្រៃចាប់ឈើល្មើសច្បាប់មួយឡានសាំយ៉ុងរបស់មន្ត្រីសមត្ថកិច្ចស្រុកវ៉ារិន

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបសហការជាមួយប៉ូលិសស្រុកអង្គរធំបានធ្វើការស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿងផ្ទុកឈើលេខ១គ្មានច្បាប់យកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដែលឈើសមត្ថកិច្ចស្រុកវ៉ារិន។

ប្រតិបត្តិការឃាត់រថយន្តដឹកឈើនេះធ្វើឡើងនៅវេលាម៉ោង៤ និង៣០នាទីល្ងាចថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ក្នុងភូមិជប់ ឃុំតាត្រាវ ស្រុកអង្គរធំ ខេត្តសៀមរាប។

យោងតាមប្រភពព័ត៌មានបានទម្លាយថា នៅរសៀលថ្ងៃទី៤ខែតុលានេះ មានរថយន្តសាំយ៉ុងផ្ទុកឈើពេញដឹកចេញពីស្រុកវ៉ារិនឆ្លងកាត់ស្រុកអង្គរជុំឆ្ពោះមកចែកចាយក្នុងក្រុងសៀមរាបតែត្រូវបានសមត្ថកិច្ចព្រៃឈើ ស្ទាក់ចាប់នៅព្រំប្រទល់ស្រុកអង្គរធំតែម្តង។ ប្រភពបន្តថា ម្ចាស់ឈើគឺជាមន្ត្រីសមត្ថកិច្ចមួយរូបស្រុកវ៉ារិន ហើយកន្លងគ្មានសមត្ថកិច្ចណាហ៊ានចាប់នោះទេ ដែលបង្ហាញថា មន្ត្រីសមត្ថកិច្ចស្រុកនោះមានអំណាច។

ទាក់ទិនទៅនឹងករណីនេះដែរលោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានឲ្យដឹងនាព្រឹកថ្ងៃទី៦តុលានេះថា កម្លាំងរដ្ឋបាលព្រៃឈើខេត្តសៀមរាបសហការជាមួយប៉ូលិសស្រុកអង្គរធំបានធ្វើការស្ទាក់ចាប់រថយន្តសាំយ៉ុងដឹកឈើមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2H-7907 ផ្ទុកឈើលេខ១ប្រភេទផ្ចឹក.សុក្រម គ្មានច្បាប់ដែលមានឈើចំនួន៨៧ដុំ ស្មើនឹង ៣,៤៥០ម៉ែត្រគូប ប៉ុន្ដែលោកមិនបានប្រាប់ឈ្មោះម្ចាស់ឈើនោះទេ ហើយគេសង្ស័យថា ម្ចាស់ជាមេមន្ត្រីសមត្ថកិច្ចស្រុកវ៉ារិន ខេត្ដសៀមរាប។

បច្ចុប្បន្ននេះវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅស្នាក់ការផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីរង់ចាំម្ចាស់ឈើចូលខ្លួនមកដោះស្រាយតាមច្បាប់។

លោកបន្តថា នៅពេលដែលសមត្ថកិច្ចកំពុងស្ទាក់ចាប់នោះអ្នកបើកបររថយន្តល្មើសបានគេចខ្លួនបាត់។ លោកបន្តទៀតថា ទោះបីគេចខ្លួនក៏ដោយនេះមិនមែនជាឈើគ្រញូងនោះទេចឹង បើគាត់នៅក៏មិនអាចឃាត់ខ្លួនគាត់បានដែរដោយគ្រាន់តែផាកពិន័យតាមច្បាប់អន្តរកាល។

យ៉ាងនេះក្តី គេបានសង្កេតឃើញថា ការដឹកជញ្ជូនឈើនៅស្រុកវ៉ារិនត្រូវបានហក់ឡើងវិញហើយដូចទឹកបាក់ទំនប់ ហើយការដឹកឈើនោះទៀតសោតភាគច្រើនគឺជាមន្ត្រីសមត្ថកិច្ចផងដែរ៕

sr-1 sr-2

...

ដោយ៖ ជានិរន្ដរ៍

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print