ភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី ប្រចាំឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក គង់ គឹមនី អនុប្រធានអចិន្ត្រៃយ៍ និងជាអភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី សមាជិក សមាជិកា នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី និងមន្ត្រីពាក់ព័ន្ធផងដែរ។
កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិនិត្យលើវឌ្ឍនភាពការងារសម្រេចបានជាលទ្ធផលនូវសមិទ្ធផលក្នុងខេត្ត ដែលបានអភិវឌ្ឍកន្លងមក ការត្រៀមរៀបចំកិច្ចប្រជុំបូកសរុបការងារសម្រេចបានក្នុងឆ្នាំ២០២៦ ការរៀបចំវេទិកាសាធារណៈតាមស្រុក ក្រុង និងរៀបចំទិសដៅការងារអាទិភាពនាពេលបន្ទាប់ ដើម្បីធានាបានប្រសិទ្ធភាព ក្នុងការអភិវឌ្ឍប្រកបដោយសុខដុមនីយកម្ម។
លោកប្រធានបានលើកទឹកចិត្តក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានទាំងអស់ ឱ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីសម្រេចឱ្យបានជោគជ័យលើគ្រប់ការងារ ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួន ស្របតាមគោលដៅកំណត់ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សិលា










