ពលរដ្ឋ ជាង៩០លាននាក់ដែលត្រូវបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន ដោយសង្គ្រាមនិង អាកាសធាតុ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន ហៅកាត់ UNHCR បានឱ្យដឹងថាមនុស្សប្រហែល ៩០លាននាក់ ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋាន កំពុងរស់នៅក្នុងបណ្តាប្រទេសដែលកាន់តែប្រឈមមុខនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងកម្ដៅខ្លាំង ដែលបង្កឡើងដោយកត្តាប្រែប្រួលអាកាសធាតុ ហើយក៏បានព្រមានផងដែរ នៅមុនពេលកិច្ចប្រជុំកំពូលស្តីពីអាកាសធាតុលើកទី៣១ (COP31) ថាចាំបាច់ត្រូវមានការផ្តល់មូលនិធិបន្ថែម ដើម្បីជួយដល់សហគមន៍ងាយរងគ្រោះ ឱ្យអាចសម្របខ្លួនបាន។

របាយការណ៍របស់ទីភ្នាក់ងារ UNHCR ចេញផ្សាយមុនកិច្ចប្រជុំ COP31 នៅទីក្រុង Antalya ប្រទេសតួគីយ៉េ បានឱ្យដឹងថា ជិតបីភាគបួននៃចំនួនមនុស្សទូទាំងពិភពលោក ដែលត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន កំពុងរស់នៅក្នុងប្រទេសនានា ដូចជា អាហ្វហ្គានីស្ថាន និងបង់ក្លាដែសជាដើម ដែលប្រទេសទាំងនេះកំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពាក់ព័ន្ធនឹងស្ថានភាពអាកាសធាតុ។ របាយការណ៍បញ្ជាក់ថា ការរកឃើញទាំងនេះបង្ហាញឱ្យឃើញពីទំនាក់ទំនងត្រួតស៉ីគ្នា រវាងជម្លោះ ការបង្ខំឱ្យផ្លាស់ទីលំនៅ និងការប្រែប្រួលអាកាសធាតុ។
របាយការណ៍បានលើកឡើងពីស្ថានភាពជនភៀសខ្លួនស៊ូដង់ ស៉ីរី ទូទាំងតំបន់អាហ្វ្រិកខាងត្បូងវាលខ្សាច់សាហារ៉ា និងនៅអេត្យូពី ផងដែរ។ ជំនួយការឧត្តមស្នងការទទួលបន្ទុកប្រតិបត្តិនៃ UNHCR លោក Anton Leis Garcia គូសបញ្ជាក់ថា «ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុក្នុងតំបន់ងាយរងគ្រោះ និងតំបន់ដែលរងផលប៉ះពាល់ដោយការផ្លាស់ទីលំនៅ គឺជាបញ្ហានៃការរស់រានមានជីវិត»។ លោកថា «យើងត្រូវការឱ្យហិរញ្ញប្បទានអាកាសធាតុ បានទៅដល់សហគមន៍ដែលកំពុងមានតម្រូវការខ្លាំងបំផុត»។
UNHCR ក៏បានព្រមានផងដែរថា បាតុភូត El Niño ដ៏ខ្លាំងសម្បើម អាចធ្វើឱ្យហានិភ័យពាក់ព័ន្ធនឹងអាកាសធាតុ នៅក្នុងប្រទេសជាច្រើនដែលទទួលយកជនភៀសខ្លួន កាន់តែធ្ងន់ធ្ងរឡើង និងបង្កឱ្យមានការផ្លាស់ទីលំនៅបន្ថែមទៀត។ UNHCR អំពាវនាវដល់បណ្តារដ្ឋាភិបាល និងស្ថាប័នផ្តល់ហិរញ្ញប្បទានអាកាសធាតុ ដែលត្រូវជួបជុំគ្នានៅឯ COP31 ឱ្យបង្កើនការផ្តល់មូលនិធិសម្រាប់ការសម្របខ្លួនទៅនឹងលក្ខខណ្ឌប្រែប្រួលអាកាសធាតុ ដោយគូសបញ្ជាក់ថា មានតែប្រហែល ១០ភាគរយប៉ុណ្ណោះនៃហិរញ្ញប្បទានអាកាសធាតុ បានទៅដល់ដៃប្រទេសដែលប្រឈមខ្លាំង ឬប្រទេសដែលរងផលប៉ះពាល់ដោយជម្លោះ៕

រូបថត​: Vietnam

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print