ភ្នំពេញ៖ ក្មេងស្រីម្នាក់មានអាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យផ្សារដើមថ្កូវ បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ បន្ទាប់ពីជិះម៉ូតូវ៉ារថយន្តមួយគ្រឿង ហើយជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២:៤០នាទីថ្ងៃត្រង់ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ តាមបណ្ដោយផ្លូវលេខ៣៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ យ៉ាង សុធារ៉ា ភេទស្រី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៩ នៃវិទ្យាល័យផ្សារដើមថ្កូវ និងមានទីលំនៅបច្ចុប្បន្នក្នុងភូមិសំបួរ សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាក Suzuki Let’s ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1CR-5561 តែម្នាក់ឯង តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើត ដោយមានល្បឿនលឿន។ លុះមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានព្យាយាមជិះវ៉ារថយន្តមួយគ្រឿងនៅខាងឆ្វេង ក៏ជ្រុលទៅទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យដួលបោកក្បាលនឹងថ្នល់ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។
ប្រភពដដែលបានបន្តថា ខណៈនោះក៏មានបុរសម្នាក់ជិះម៉ូតូម៉ាក Honda PCX ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 1T-9219 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន និងចាប់ហ្វ្រាំងទាន់ពេល ក៏ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះបន្ថែមទៀត បណ្ដាលឱ្យដួល និងរងការខូចខាត។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ និងបាននាំខ្លួនបុរសដែលជិះម៉ូតូម៉ាក Honda PCX ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី២ ដើម្បីសាកសួរនាំ និងបន្តនីតិវិធី។ ជាមួយគ្នានេះ សមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកធ្វើការវាស់វែង និងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធីច្បាប់។ ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំពិធីបុណ្យតាមប្រពៃណី ៕ ដោយ ៖ ភារ៉ា ដង្កោ










