Fermin Lopez បានស៊ុតបញ្ចូលទី២គ្រាប់ ជួយឱ្យ Barcelona វាយបកយកឈ្នះ Atletico Madrid យ៉ាងតានតឹង ដើម្បីរក្សាគម្លាតនាំមុខនៅលើកំពូលតារាង La Liga។
គូប្រជែង Real Madrid បានឡើងមកមាន ៣០ពិន្ទុស្មើ Barcelona ប៉ុន្តែនៅពីក្រោយដោយសារគ្រាប់បាល់ចំណេញ បន្ទាប់ពីយកឈ្នះ Valencia ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃសៅរ៍។
ទោះជាយ៉ាងណា ក្រុមរបស់លោក Hansi Flick នឹងចូលទៅកាន់ការសម្រាកអន្តរជាតិ ដោយមានគម្លាតនាំមុខ ៣ពិន្ទុដដែល ក្រោយ Lopez រកបាន២គ្រាប់នៅកីឡដ្ឋាន Metropolitano។
បច្ចុប្បន្ន Barcelona បានឈ្នះ ១១ប្រកួត ក្នុងចំណោម១២ប្រកួតនៅលីគរដូវកាលនេះ ដោយបាត់បង់ពិន្ទុតែម្តងគត់ គឺការចាញ់ Real Madrid នៅក្នុងផ្ទះ ក្នុងជំនួប El Clasico កាលពីខែមុន។
Atletico Madrid មានប្រៀបជាងក្នុងតង់ទី១ ដែលពោរពេញដោយភាពជក់ចិត្ត ប៉ុន្តែមិនអាចទាញយកផលប្រយោជន៍ពីការគ្រប់គ្រងការប្រកួតនៅដើមតង់បានឡើយ។
នៅនាទីទី៦ Julian Alvarez មានឱកាសរត់ទៅប្រឈមមុខនឹងអ្នកចាំទី Joan Garcia របស់ក្រុមភ្ញៀវ ប៉ុន្តែដោយសារប៉ះបាល់ច្រើនដងពេក ឱកាសដ៏ល្អនោះក៏បានរបូតបាត់ទៅ។
ក្រុមទាំងពីរក៏បានបង្កើតឱកាសប៉ះរបារទីរៀងៗខ្លួនផងដែរ។ ការតែតបាល់របស់ Marc Pubill បានប៉ះរបារទីសម្រាប់ Atletico ខណៈការស៊ុតរបស់ Pedri បានប៉ះបង្គោលទីសម្រាប់ Barcelona ក្នុងការចាប់ផ្តើមការប្រកួតដ៏ច្របូកច្របល់។
យ៉ាងណាមិញ ម្ចាស់ផ្ទះបានបើកការនាំមុខមុន នៅនាទីទី១០ តាមរយៈ Giuliano Simeone ដែលបានស៊ុតបញ្ចប់យ៉ាងខ្លាំង បន្ទាប់ពីទទួលបាល់បញ្ជូនទាបពី Alvarez។
ការប្រកួតត្រូវបានផ្អាករយៈពេលមួយនាទីភ្លាមៗក្រោយគ្រាប់បាល់បើកឆាក ដើម្បីឱ្យកីឡាករ និងអ្នកគាំទ្រចូលរួមគោរពវិញ្ញាណក្ខន្ធខ្សែប្រយុទ្ធ Jesus de Miguel របស់ក្រុម Tenerife ដែលបានទទួលមរណភាព បន្ទាប់ពីរងរបួសធ្ងន់ធ្ងរក្នុងការប្រកួត Spanish Second Division។
Atletico ហាក់មានឱកាសបន្ថែមគ្រាប់បាល់នាំមុខ ប៉ុន្តែ Barcelona បានតាមស្មើវិញនៅចុងតង់ទី១។ កំហុសក្នុងការបោសសម្អាតបាល់របស់ក្រុមម្ចាស់ផ្ទះ បានផ្តល់ឱកាសឱ្យ Lopez បង្វិលបាល់ស៊ុតបញ្ចូលទីយ៉ាងល្អ។
ក្រោយចូលដល់តង់ទី២ Barcelona បានបង្ហាញការលេងកាន់តែមានប្រសិទ្ធភាព ហើយបានបន្ថែមគ្រាប់បាល់នាំមុខនៅនាទីទី៦៦។ Lamine Yamal បានបញ្ជូនបាល់យ៉ាងឆ្លាតវៃទៅកាន់ Lopez ដែលបានប៉ះបាល់បញ្ជូនចូលទីផុតដៃអ្នកចាំទី Jan Oblak។
Atletico បានបន្តដាក់សម្ពាធដើម្បីស្វែងរកគ្រាប់បាល់តាមស្មើ ប៉ុន្តែមិនអាចបង្កើតការគំរាមកំហែងខ្លាំងដល់អ្នកចាំទី Garcia របស់ក្រុមភ្ញៀវបានឡើយ។
ការបរាជ័យនេះ គឺជាការចាញ់លើកទី២របស់ Atletico ក្នុងលីគរដូវកាលនេះ ហើយធ្វើឱ្យពួកគេបន្តឈរនៅចំណាត់ថ្នាក់លេខ៣ ដោយមានពិន្ទុតាមពីក្រោយ Barcelona ចំនួន៥ពិន្ទុ៕










