ខេត្តកំពង់ស្ពឺ៖ បុរសជនជាតិចិនម្នាក់បានស្លាប់ក្នុងថ្លុកឈាម ខណៈដែលឃាតករដកកាំភ្លើងបាញ់សម្លាប់ ពេលដែលជិះម៉ូតូតាម ដេញតាមពីក្រោយ សង្ស័យចោរលួចប្រេង បង្កឱ្យមានការភ្ញាក់ផ្អើល នៅក្នុងស្រុកភ្នំស្រួច។
ហេតុការណ៍ជនជាតិចិន ត្រូវបានជនមិនស្គាល់មុខបាញ់សម្លាប់ បានកើតឡើងកាលពីព្រឹកថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២៦ នៅលើផ្លូវលេខ១៤២ ស្ថិតនៅភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានឱ្យដឹងថាមានករណី ឃាតកម្មបាញ់សម្លាប់ជនជាតិចិនម្នាក់ បណ្តាលឲ្យស្លាប់ក្នុងថ្លុកឈាម ភ្លាមៗនៅកន្លែងហេតុត្រង់ចំណុចលើផ្លូវក្រាលកៅស៊ូលេខ១៤២ ស្ថិតនៅក្នុងភូមិមាត់សាយ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានបន្តទៀតថា បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋថា នៅវេលាម៉ោង ប្រហែល១០ព្រឹក ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ មានម៉ូតូចំនួន២គ្រឿង ជិះមុខ ក្រោយគ្នា ។ លុះពេលធ្វើដំណើរដល់ចំណុចកើតហេតុ ជនរងគ្រោះ(ដែលជាជនជាតិចិន)បានជិះម៉ូតូឈប់ពី ក្រោយម៉ូតូជនសង្ស័យ។ ជនរងគ្រោះ ជនជាតិចិនស្ទុះទៅបំរុងឃាត់ចាប់កន្ទុយម៉ូតូ របស់ជនសង្ស័យបណ្តាលឱ្យជនសង្ស័យបានដួលម៉ូតូ ហើយជនសង្ស័យធ្លាក់ពី លើម៉ូតូចូលក្នុងភក់ប្រឡាយអមផ្លូវនោះតែម្តង។
ប្រភពព័ត៌មានដដែលបានបន្តឱ្យដឹងទៀតថា ក្រោយបន្តិចមកជនសង្ស័យបានងើបឡើងពីក្នុងប្រឡាយនិងម៉ូតូមានដឹកប្រេងចំនួន៤កាននៅខាងមុខផងនោះ។ ជនសង្ស័យ ក៏បានទាញយកកាំភ្លើងខ្លី(មិនស្គាល់ម៉ាក)ពីក្នុងកាបូបស្ពាយរបស់ខ្លួន បាញ់សំដៅទៅលើជនរងគ្រោះត្រូវចំនួន១គ្រាប់ បណ្តាលឱ្យជនរងគ្រោះ ដួលស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមតែម្តង។ ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យ បានលើកយកប្រេងទាំង៤កាននោះដាក់លើម៉ូតូរួចជិះដឹកប្រេងចេញពីកន្លែងកើតហេតុចេញឆ្ពោះសំដៅទៅ(ផ្លូវជាតិលេខ៤) បាត់ទៅ។
ចំណែកសពបុរសជនជាតិចិន បានស្លាប់នៅលើផ្លូវនោះ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ច ចុះពិនិត្យធ្វើកោសល្យវិច័យ ដើម្បីកំណត់ មុខសញ្ញា ឃាតករ និងធ្វើការស្វែងរកចាប់ខ្លួន ដាក់ទោសទណ្ឌ តាមផ្លូវច្បាប់៕










