ខេត្តកំពង់ស្ពឺ៖ ជាការកត់សម្គាល់របស់មជ្ឈដ្ឋានប្រជាពលរដ្ឋគឺអភិបាលខេត្តច្រើននាក់មកហើយមិនសូវចាប់អារម្មណ៍ទប់ស្កាត់បទល្មើសព្រៃឈើនោះទេ បើទោះជា ដឹងថា ទីតាំងក្រុមហ៑ុនហ្រេ្កតហ្វៀលជា ជម្រកលាក់បាំងឈើខុសច្បាប់យ៉ាងណាក្តីក៏ឈ្មួញនៅតែមានឱកាសដឹកជញ្ជូន យកទៅលក់តាមអំពើចិត្តក្រោមលេសថាជាឈើចេញពីក្រុមហ៑ុន ។ ប៉ុន្តែពេលនេះ លោក វុី សំណាង អភិបាលខេត្តបច្ចុប្បន្នបានបញ្ជាឲ្យមន្ត្រីរដ្ឋបាលព្រៃឈើសហការជាមួយមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងកម្លាំងកងរាជអាវុធហត្ថខេត្តចុះប្រមូលរឹបអូសយកមកទុកជាសម្បត្តិរដ្ឋ ។
លោក វុី សំណាង អភិបាលខេត្តបាន ប្រាប់នគរវត្តតាមទូរស័ព្ទថាលោកបានចេញបញ្ជាឲ្យមន្ត្រីជំនាញចុះរឹបអូសឈើខុសច្បាប់នៅក្នុងក្រុមហ៑ុនខាងលើពិតមែនក្រោយ ទទួលបានសេចក្តីរាយការណ៍ថាទីតាំងក្រុមហ៑ុនមួយនេះបានបើកឲ្យក្រុមឈ្មួញយកឈើពីខាងក្រៅមកលាក់ទុកនៅទីនេះដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ចថាជាឈើស្របច្បាប់ របស់ក្រុមហ៑ុន ។ លោកបន្តថា ល្បិចបំភ័ន្ត ភ្នែកនេះធ្វើបានតែនៅជំនាន់មុនតែជំនាន់នេះមិនអាចលេងល្បិចបែបនេះបានទៀតឡើយ ។ លោកថា ពេលនេះលោកកំពុង រង់ចាំរបាយការណ៍ ពីក្រុមការងារដែលចុះទៅផ្ទាល់នៅទីនោះ ថាតើប្រមូលនិងរឹបអូសបានឈើប៉ុន្មានដុំ ។
ក្នុងបេសកកម្មចុះប្រមូលឈើខុសច្បាប់ក្នុងក្រុមហ៑ុនហ្រេ្កតហ្វៀលមានអភិបាល រងខេត្តនិងតំណាងអយ្យការចូលរួមដឹកនាំព្រមទាំងមានកម្លាំងកងរាជអាវុធហត្ថខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើខេត្តជំនាញបរិស្ថានជាច្រើនរូបទៀត ។
មន្ត្រីរដ្ឋបាលព្រៃឈើមួយរូបបានបង្ហើបប្រាប់នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ថា កម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយមន្រ្តីដែនជម្រកសត្វព្រៃក្រោមបញ្ជារបស់លោកអភិបាលខេត្តបានចុះទៅទីតាំងក្រុមហ៑ុនខាងលើដើម្បីត្រួតពិនិត្យនិងដកហូតឈើខុសច្បាប់ដែលក្រុមឈ្មួញបានយកទៅលាក់ទុកនៅទីនេះមកធ្វើជាសម្បត្តិរដ្ឋ ។ ទីតាំងក្រុមហ៑ុននេះត្រូវបានគេរាយការណ៍ថាមានដាក់ម៉ាសុីនរ៉ៃខុសច្បាប់ជាច្រើនគ្រឿងដើម្បីអារឈើទាំងនេះផង ។
ក្នុងការដាក់ផ្ញើឈើដើម្បីទុកអារហើយដឹកចេញយកទៅលក់នៅខាងក្រៅក្រោមលេសថាជាឈើក្រុមហ៑ុននេះគឺក្រុមឈ្មួញបានបង្កើតទំនាក់ទំនងល្អជាមួយអ្នកគ្រប់គ្រងក៏ដូចជាមេការក្រុមហ៑ុន បានដាក់ឈើចូលដើម្បីទុកអារលក់ចេញទៅក្រៅ បើមិនមានទំនាក់ទំនងល្អទេនាយកក្រុមហ៑ុនក៏ ដូចជាមេការមិនអនុញ្ញាតឲ្យដឹកឈើចូលឡើយ។ជាងនេះទៅទៀតអាចនឹងមានការបង់លុយពីសំណាក់ឈ្មួញទៅឲ្យអ្នកគ្រប់គ្រងឬមេការទៀតផងទើបអាចនាំឈើ ចូលពីខាងក្រៅមកទុកក្នុងបរិវេណក្រុម ហ៑ុនបាន បើមិនដូច្នោះទេក្រុមឈ្មួញមិនត្រូវបានអនុញ្ញាតឲ្យនាំឈើចូលក្នុងបរិ វេណក្រុមហ៑ុនឡើយ ។
ប្រភពដដែលបានបន្តថា បេសកកម្មនេះមានរយៈពេល៥ថ្ងៃធ្វើយ៉ាងណាប្រមូលឈើទាំងនេះយកមកខេត្តឲ្យអស់ ។ ជំហានដំបូងក្រុមជំនាញកំពុងតែរាប់ឈើដែលតាមការប៉ាន់ស្មានឈើទាំងអស់មានជាង១០០០ដុំឯណោះតែពេលនេះរាប់បណ្តើរៗបានជាង៥០០ដុំហើយដែលឈើទាំងនេះជាឈើដែលដឹកមកពីក្រៅបរិវេណក្រុមហ៑ុនជាឈើដែលពលរដ្ឋចូលទៅកាប់ក្នុងទឹកដីខេត្តកោះកុងយកមកលក់ឲ្យឈ្មួញទើបឈ្មួញយកមកលាក់ទុកបន្តដើម្បីអារច្រៀកបំភ័ន្តថាជាឈើក្រុមហ៊ុន ។
រហូតមកដល់ពេលនេះក្រុមសមត្ថកិច្ចកំពុងតែបើកប្រតិបត្តិការរុករកបន្តខណៈ រកឃើញនៅក្នុងក្រុមហ៑ុនមួយនេះមាន ម៉ាសុីនរ៉ៃសម្រាប់អារច្រៀកឈើប្រមាណជិត១០គ្រឿងទៀតផង ។
សូមបញ្ជាក់ថា ក្រុមហ៑ុនហ្ក្រេតហ្វៀលឬភីអេសខេវីនេះជាទីតាំងដែលឈ្មួញបានលាក់បំពួនឈើខុសច្បាប់រាប់ឆ្នាំមកហើយក្នុងនោះសមត្ថកិច្ចតូចតាចមិនត្រូវបាន អនុញ្ញាតឲ្យចូលឡើយដោយក្រុមសន្តិ សុខសំអាងថាជាក្រុមហ៑ុនស្របច្បាប់ ។
លោកវរសេនីយ៍ត្រី លឹម ឧសភា នាយ រងសេនាធិការនៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានប្រាប់នគរវត្តតាមទូរស័ព្ទថា ដោយអនុវត្តតាមបទបញ្ជាលោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកង រាជអាវុធហត្ថខេត្តលោកបានដឹកនាំកម្លាំង១៥នាក់ចុះសហការជាមួយមន្ត្រីជំនាញរដ្ឋបាលព្រៃឈើរួមទាំងមន្រ្តីបរិស្ថានចាប់ឈើខុសច្បាប់ក្នុងក្រុមហ៑ុនភីអេសខេវី (ហ្រេ្កតហ្វៀល)ដើម្បីដកហូតមកជាសម្បត្តិ រដ្ឋពិតមែន ពេលនេះ កំពុងប្រមូលនិងស្ទូចដាក់់ឡានយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺបានឈើអារ៣ឡាននិងឈើដុល១ឡាន។ លោក លឹម ឧសភា បន្តថា នៅព្រឹកនេះកម្លាំងរបស់លោករួមទាំងជំនាញកំពុងបន្តដើររាប់និងប្រមូលឈើដុុលដែលគរនៅក្នុងបរិវេណក្រុមហ៑ុន ជាបន្តទៀត ។
មានការលើកឡើងថា ក្រុមហ៑ុនឈូសឆាយព្រៃនិងដាំអំពៅរាប់ឆ្នាំមកហើយហេតុអ្វីនៅមានឈើសម្រាប់់អារច្រៀកទៀត? បញ្ហានេះគេរង់ចាំមើលថាតើលោករដ្ឋមន្ត្រី ក្រសួងកសិកម្មនឹងចាត់វិធានការបែបណា លើក្រុមហ៑ុនមួយនេះដែលចេះតែបើក ឲ្យឈ្មួញយកឈើខុសច្បាប់មកលាក់ ទុកហើយបណ្តោយឲ្យមានដាក់ម៉ាសុីនរ៉ៃ សម្រាប់់អារច្រៀកបែបនេះ?៕
ដោយ៖ សេនាស័ក្តិ