ខេត្តកណ្តាល ៖ ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ជាការបង្រៀនយើងគ្រប់គ្នា ឱ្យចេះបើកបរដោយប្រុងប្រយ័ត្ន អនុគ្រោះឱ្យគ្នាទៅវិញទៅមក បើកបរដោយស្មារតីទទួលខុសត្រូវរៀងៗខ្លួន ព្រោះម្នាក់ៗសុទ្ធតែមានមនុស្សជាទីស្រលាញ់រងចាំនៅឯផ្ទះរៀងៗខ្លួន !
សូមជម្រាបថា ៖ ជីវិតមនុស្សម្នាក់ៗខ្លីណាស់ តែការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចរាចរណ៍ ជាការបង្រៀនយើងគ្រប់គ្នា ឱ្យចេះបើកបរដោយប្រុងប្រយ័ត្ន អនុគ្រោះឱ្យគ្នាទៅវិញទៅមក បើកបរដោយស្មារតីទទួលខុសត្រូវរៀងៗខ្លួន ព្រោះម្នាក់ៗសុទ្ធតែមានមនុស្សជាទីស្រលាញ់រងចាំនៅឯផ្ទះរៀងៗខ្លួន អ្នកដែលធ្លាប់ស្រក់ទឹកភ្នែក😢 ទើបដឹងថាទំហំទុក្ខសោករបស់ក្រុមគ្រួសារជនរងគ្រោះមានទំហំប៉ុនណា ?
🪽សូមដួងវិញ្ញាណក្ខន្ធរបស់ក្មួយៗបានទៅកាន់សុគតិភព 🙏
អ្វីដែលកំពុងសោកសង្រេង ! បងប្អូន២នាក់ជិះរថយន្តទៅសាលាជាមួយគ្នា កុមារីស្លាប់ កុមារាកំពុងសង្គ្រោះបន្ទាន់ ក្រោយរថយន្តដឹកសិស្សធ្លាក់ចូលស្រះទឹកនៅភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ អ្នកស្រី មួយឆេង ម្តាយរបស់កុមារទាំងពីររៀបរាប់យ៉ាងក្តុកក្តួលថា « កូនខ្ញុំរៀនពូកែណាស់ និងចង់រៀនពេទ្យ ប៉ុន្តែពេលនេះ កូនមិនបានដូចបំណងទេ » ។
សោកនាដកម្មដ៏រន្ធត់នេះបានកើតឡើងនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវជាតិលេខ៨ ស្រុកខ្សាច់កណ្តាល ខណៈរថយន្តដឹកសិស្សសាលាប៊ែលធី ២៦នាក់ បានរេចង្កូតធ្លាក់ចូលស្រះទឹក បន្ទាប់ពីអ្នកបើកបរក្នុងល្បឿនលឿន ហើយគេចម៉ូតូ ក៏បណ្តាលឱ្យសិស្សស្រី៥នាក់ស្លាប់ របួសធ្ងន់៣នាក់ និងរបួសស្រាល១៨នាក់ ។ សាលាប៊ែលធី បញ្ជាក់ថា មិនមែនរថយន្តសាលា តែជារថយន្តឈ្នួលឯកជន ។
តាមស្នងការដ្ឋាននគរបាលខេត្តកណ្តាល ការសន្និដ្ឋានបឋមបង្ហាញថា រថយន្តបើកក្នុងល្បឿនលឿន ហើយគេចម៉ូតូឆ្លងផ្លូវ បណ្តាលឱ្យជ្រុលចង្កូតធ្លាក់ចូលស្រះទឹក ។ អ្នកបើកបរអាយុ៣១ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីចាត់ការតាមច្បាប់ ។
លោក ម៉ែន សុខឃឿន អធិការនៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល បានប្រាប់សារព័ត៌មានថា លោកមិនអាចសន្និដ្ឋានភាគីណាខុសឬត្រូវបានទេ ទាល់តែតុលាការ ហើយនីតិវិធីកំពុងបន្ត ។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារកុមាររងគ្រោះ ៕
ដោយ ៖ សិលា










