ខេត្តស្វាយរៀង៖ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ ជាប់និទ្ទេស A នៅក្នុងខេត្ត។
មានប្រសាសន៍ទៅកាន់ពិធីនេះ លោក អភិបាលខេត្តបានថ្លែងនូវការចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងប្អូនៗសិស្សានុសិស្សទាំង៣៤រូប ដែលប្រឡងជាប់ទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈលទ្ធផលប្រឡងនៅក្នុងខេត្តស្វាយរៀងឆ្នាំនេះគឺទទួលបានលទ្ធផលល្អប្រសើរដោយមានអត្រាសិស្សប្រឡងជាប់សរុបប្រមាណ ៨៤.៤៣% ទទួលបាននិទ្ទេស A ចំនួន៣៤នាក់។
លោកបន្តថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមសម្ដែងនូវការអរគុណ ចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបានលើកទឹកចិត្ត ជំរុញ តាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សាកូនចៅរបស់ខ្លួន និងអគុណចំពោះគណៈគ្រប់គ្រងសាលា ព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់បង្រៀនសិស្សឲ្យទទួលបានលទ្ធផលដ៏ល្អប្រសើរបែបនេះ ។
លោកក៏បានផ្ដាំផ្ញើដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀតនៅពេលរៀនបន្តនៅថ្នាក់មហាវិទ្យាល័យ។
– ត្រូវធ្វើជាកូនល្អ សិស្សល្អ មិត្តល្អ និងធ្វេីអំពើណាដែលល្អ ព្រមទាំងមានផលប្រយោជន៍ដល់សង្គមជាតិ។
– ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ និងចៀសវាងឲ្យបាននូវអំពើអបាយមុខផ្សេងៗ ជាពិសេសល្បែងស៊ីសងជាដើម។
– ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជន ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន។
– ត្រូវចូលរួមគោរពប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នកដទៃផង “បើធ្វើដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព បើធ្វើដំណើរតាមរថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ឲ្យបានត្រឹមត្រូវ” ។
ជាចុងបញ្ចប់នៃពិធីនេះ លោកអភិបាលខេត្ត បានចែករង្វាន់ជូនដល់ប្អូនៗដែលប្រឡងជាប់និទ្ទេសA ទាំង៣៤នាក់ ក្នុងម្នាក់ៗទទួលបាន៖ ម៉ូតូម៉ាក HONDA WAVE ស៊េរី២០២៥ ចំនួន១គ្រឿង មួកសុវត្ថិភាពចំនួន០១។ ទន្ទឹមនោះលោក លោកស្រីប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងម្នាក់ៗទទួលបានថវិកា២០០.០០០រៀល និងនាយកវិទ្យាល័យទាំង១៥ ក្នុងម្នាក់ៗទទួលបានថវិកា ៣០០,០០០ រៀល ផងដែរ៕
ដោយ៖ សុថាន










