ឃាត់ខ្លួនអ្នកដឹកជញ្ជូនម្ហូបម្នាក់ ក្រោយរងការចោទ ប្រកាន់ថាប្រទូស្តកេរខ្មាសស្ត្រីម្នាក់នៅម្ដុំបឹងទំពុនខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ បានស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលមានមុខរបរជាអ្នកដឹកជញ្ជូនម្ហូប ក្រោយរងការចោទប្រកាន់ថាបានធ្វើសកម្មភាពប្រទូស្តកេរខ្មាសលើស្ត្រីម្នាក់ នៅសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមព័ត៌មានពីសមត្ថកិច្ច នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អនុវត្តតាមបទបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រិទ្ធ សុភារុន អាយុ២១ឆ្នាំ ជនជាតិខ្មែរ នៅចំណុចសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៩និង៥៧នាទីយប់ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅផ្លូវ១៣BT ភូមិសន្សំសុខទី៥ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ខណៈស្ត្រីរងគ្រោះកំពុងស្ថិតនៅក្បែរផ្ទះជួលរបស់ខ្លួន។ នៅពេលនោះ ជនសង្ស័យបានជិះម៉ូតូធ្វើជាវង្វេងផ្លូវ រួចសួរនាំស្ត្រីរងគ្រោះ ខណៈមេឃកំពុងភ្លៀង និងទីតាំងកើតហេតុមានសភាពស្ងាត់។ បន្ទាប់មក ជនសង្ស័យត្រូវបានចោទថាបានធ្វើសកម្មភាពបំពានលើរាងកាយស្ត្រីរងគ្រោះ រួចជិះម៉ូតូគេចខ្លួនបាត់។

ប្រភពដដែលបន្តថា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ស្ត្រីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពុនទី១ ដើម្បីស្នើសុំឱ្យសមត្ថកិច្ចស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print