ខេត្តបាត់ដំបង ៖ ស្ត្រីម្នាក់ទុកម៉ូតូក្បែរចំហៀងផ្ទះ និងក្បែរផ្លូវផង ហើយភ្លេចដកសោរទៀត ត្រូវបានលោកចោរលួចយកជិះចេញយ៉ាងស្រួល ក្នុងចន្លោះម៉ោង១២ ទៅម៉ោង១រសៀលថ្ងៃទី១១ វិច្ឆិកា ស្ថិតនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង បន្សល់ទុកតែរូបថតម៉ូតូបង្ហោះលើបណ្ដាញសង្គម សុំឲ្យមហាជនជួយឃ្លាំមើល និងស្វែងរក ។
ម្ចាស់ម៉ូតូឈ្មោះ ម៉ៅ ម៉េងជូ ភេទស្រី អាយុ២៨ឆ្នាំ រស់ នៅចំណុចកើតហេតុបានប្រាប់ថា គាត់ជិះម៉ូតូត្រឡប់មកពីធ្វើការវិញ ទុកនៅចំហៀងផ្ទះដូចធម្មតា តែភ្លេចដកសោចេញពីម៉ូតូ ហើយក៏ដើរចូលផ្ទះទៅមើលកូន ។ គាត់មិនបានដឹងថា ម៉ូតូរបស់គាត់ត្រូវចោរលួចយកនៅម៉ោងប៉ុន្មានឲ្យជាក់លាក់ទេ ។ ប៉ុន្តែអាចលួចនៅចន្លោះម៉ោង១២ ទៅម៉ោង១រសៀល លុះនៅម៉ោងជាង១រសៀល ពេលគាត់ចេញទៅធ្វើការ រកម៉ូតូជិះ ស្រាប់តែបាត់ម៉ូតូពីចំហៀងផ្ទះ ឃើញតែម៉ូតូគេនៅក្បែរផ្លូវ ទើបគាត់ដឹងថា ម៉ូតូគាត់ត្រូវចោរលួច ។
ម្ចាស់ម៉ូតូបានប្រាប់ថា កន្លែងដែលគាត់ទុកម៉ូតូ គឺនៅក្បែរចំហៀងផ្ទះគាត់ ហើយក៏នៅជាប់មាត់ផ្លូវចេញ-ចូល ដែលមានម៉ូតូអ្នកជិតខាងទុកក្បែរគ្នាដែរ ។ ម៉ូតូគាត់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ 1AK-6507។ ក្រោយពេលត្រូវចោរលួច គាត់បានទៅដាក់ពាក្យបណ្ដឹងនៅអធិការនគរបាលក្រុងបាត់ដំបង ភ្លាមៗដែរ ហើយថែមទាំងបង្ហោះរូបម៉ូតូដែលគាត់បានថតទុកលើបណ្ដាញសង្គមជាដំណឹងដល់មហាជន និងសមត្ថកិច្ចផងដែរ ។
គេមិនទាន់ដឹងថា តើសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវ និងមានតម្រុយខ្លះៗហើយនៅទេ រហូតមកដល់ពេលនេះ ? ប៉ុន្តែព័ត៌មានពីសមត្ថកិច្ចដែរបានឲ្យដឹងថា មិនទាន់មានតម្រុយពីមុខសញ្ញាជនសង្ស័យនៅឡើយទេ ។ មន្ត្រីជំនាញកំពុងរកមើលតាមកាមេរ៉ាសុវត្ថិភាពនានា ដែលអ្នកភូមិបំពាក់នៅតាមដងផ្លូវ ៕










