ក្លិប Crystal Palace បានសម្រេចបណ្តេញលោក Pierre Sage ចេញពីតំណែងគ្រូបង្វឹកកាលពីថ្ងៃព្រហស្បតិ៍ បញ្ចប់ការដឹកនាំរយៈពេល ៥ ខែរបស់អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ បន្ទាប់ពីក្រុមចាប់ផ្តើមរដូវកាលថ្មីក្នុងទម្រង់លេងមិនល្អ និងធ្លាក់ទៅឈរបាតតារាង Premier League។
ការសម្រេចនេះធ្វើឡើងក្រោយ Crystal Palace ចាញ់ Liverpool ១-៣ ក្នុងទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យ ដែលជាបរាជ័យលើកទី៤ ជាប់ៗគ្នាក្នុងក្របខណ្ឌ Premier League។ បច្ចុប្បន្នក្រុមមានគម្លាត ២ ពិន្ទុពីតំបន់សុវត្ថិភាព។
ក្នុងសេចក្តីថ្លែងការណ៍ ក្លិបបានបញ្ជាក់ថា លោក Sage បានចាកចេញពីតួនាទីជាគ្រូបង្វឹក ហើយសមាជិកក្រុមការងារគ្រូបង្វឹកចំនួនបីរូបទៀត គឺ Jamal Alioui, Damien Della Santa និង Sandy Guichard ក៏បានចាកចេញពីក្លិបដូចគ្នា។
លោក Sage វ័យ ៤៧ ឆ្នាំ ធ្លាប់ដឹកនាំក្លិប RC Lens និង Olympique Lyonnais ក្នុងក្របខណ្ឌ Ligue 1 មុនចូលកាន់តំណែងនៅ Crystal Palace កាលពីខែមិថុនា ដោយជំនួសលោក Oliver Glasner ដែលបានចាកចេញក្រោយជួយក្លិបឈ្នះពាន Conference League រដូវកាល ២០២៥-២៦។
ក្រោមការដឹកនាំរបស់លោក Sage ក្រុមឈ្នះការប្រកួត Premier League បានតែ ២ លើកប៉ុណ្ណោះ និងមានត្រឹម ៧ ពិន្ទុពីការប្រកួត ១០ លើក។ ក្នុងចំណោមបរាជ័យទាំងនោះ ក៏មានការចាញ់គូប្រជែង Brighton & Hove Albion យ៉ាងធ្ងន់ធ្ងរ ០-៥ ផងដែរ។
បន្ថែមពីនេះ Crystal Palace ក៏មានកំណត់ត្រាការពារដ៏អាក្រក់បំផុតក្នុងចំណោមក្រុមទាំងអស់នៅ Premier League ដោយរបូតគ្រាប់បាល់សរុប ២៤ គ្រាប់។
សារព័ត៌មានអង់គ្លេសបានរាយការណ៍ថា លោក Thomas Frank អតីតគ្រូបង្វឹក Tottenham Hotspur និង Brentford គឺជាបេក្ខភាពនាំមុខគេក្នុងការចូលមកជំនួសលោក Sage។
សម្រាប់ការប្រកួតបន្ទាប់ Crystal Palace នឹងត្រូវធ្វើដំណើរទៅជួប Coventry City នៅថ្ងៃទី២១ ខែវិច្ឆិកា៕










