ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលជាម្ចាស់ជើងឯកពិភពលោក បានបន្តកំណត់ត្រាឈ្នះ ១២ ប្រកួតជាប់គ្នា បន្ទាប់ពីយកឈ្នះក្រុមសាធារណរដ្ឋឆែកយ៉ាងងាយស្រួល ក្នុងការប្រកួតពានរង្វាន់ UEFA Nations League ខណៈក្រុមម្ចាស់ផ្ទះនៅសល់សមាជិកតែ ១០ នាក់។
Alex Baena បានជួយអេស្ប៉ាញនាំមុខនៅទីក្រុង Prague តាមរយៈការស៊ុតបាល់ពិន័យ ១១ ម៉ែត្រនៅនាទីទី៣៩ បន្ទាប់ពីខ្សែបម្រើម្ចាស់ផ្ទះ Lukas Ambros ប៉ះបាល់ដោយដៃក្នុងតំបន់គ្រោះថ្នាក់។
Yeremy Pino របស់ក្លិប Crystal Palace ស្ទើរតែរកបានគ្រាប់ទី២ ប៉ុន្តែគ្រាប់បាល់របស់គេត្រូវបានអាជ្ញាកណ្តាលសម្រេចមិនឱ្យ ដោយសារជាប់អន្ទាក់ Offside។
ក្រុមសាធារណរដ្ឋឆែកក៏មានឱកាសតាមស្មើផងដែរ ប៉ុន្តែការតែតបាល់របស់ Adam Hlozek បានបុករបារទី។
មិនយូរប៉ុន្មានក្រោយមក ក្រុមម្ចាស់ផ្ទះក៏ត្រូវបាត់បង់កីឡាករម្នាក់ បន្ទាប់ពីប្រធានក្រុម Ladislav Krejci ត្រូវបានបណ្តេញចេញនៅនាទីទី៦៩ ពីបទបង្កកំហុសលើ Roberto Fernandez ក្នុងឱកាសដែលគូប្រកួតមានឱកាសស៊ុតបញ្ចូលទី។ ដំបូងឡើយ ខ្សែការពាររបស់ក្លិប Wolves រូបនេះទទួលបានត្រឹមកាតលឿងប៉ុណ្ណោះ ប៉ុន្តែក្រោយមក អាជ្ញាកណ្តាលបានពិនិត្យវីដេអូជំនួយការអាជ្ញាកណ្តាល (VAR) ហើយសម្រេចកែប្រែការសម្រេចចិត្ត ដោយប្តូរទៅជាកាតក្រហម។
អេស្ប៉ាញបានបន្ថែមគ្រាប់ទី២ នៅម៉ោងបន្ថែមចុងក្រោយនៃការប្រកួត បន្ទាប់ពី Marc Pubill ដណ្តើមបានបាល់នៅក្បែរតំបន់ពិន័យ មុនពេលស៊ុតបញ្ចូលទីយ៉ាងល្អ។
ជាមួយនឹងជ័យជម្នះនេះ អេស្ប៉ាញបានបន្តកំណត់ត្រាមិនចាញ់ក្នុងការប្រកួតគ្រប់កម្មវិធីចំនួន ៤៣ ប្រកួតជាប់គ្នា។ ក្រុមនេះក៏បានធានាកៅអីទៅកាន់វគ្គ ៨ ក្រុមចុងក្រោយនៃ Nations League រួចជាស្រេចហើយ។
សម្រាប់ការប្រកួតចុងក្រោយក្នុងពូលនៅថ្ងៃអាទិត្យ អេស្ប៉ាញនឹងបើកទ្វារផ្ទះទទួលក្រុមជម្រើសជាតិអង់គ្លេស ដោយក្រុមដែលទទួលបានជ័យជម្នះនឹងបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលតារាងពូល៕










