សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នា២០២៦ រុស្ស៉ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែន ជិត១២០០គ្រឿង កាលពីវេលាយប់កន្លងទៅ ដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមួយដោយដ្រូនរបស់ទីក្រុងកៀវ និងបានបណ្តាលឱ្យមនុស្សយ៉ាងហោច ៤នាក់ស្លាប់។
ការវាយប្រហារនេះកើតឡើង មួយថ្ងៃបន្ទាប់ពីមានកិច្ចប្រឹងប្រែងការទូតយ៉ាងសកម្ម ដើម្បីសម្របសម្រួលការចរចាដឹកនាំដោយអាមេរិក ក្នុងគោលដៅបិទបញ្ចប់សង្គ្រាមរុស្ស៉ី-អ៊ុយក្រែន ដែលជិតឈានចូលឆ្នាំទី៥ហើយ។ បេសកជនអាមេរិក លោក Steve Witkoff និងលោក Jared Kushner បានជួបពិភាក្សាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន អស់រយៈពេលជាច្រើនម៉ោងនៅទីក្រុងមូស្គូ កាលពីថ្ងៃព្រហស្បតិ៍ មុនពេលបន្តដំណើរទៅកាន់ទីក្រុង Dublin នៃប្រទេសអៀរឡង់ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។
ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃសុក្រនេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយដូច្នេះថា «ក្នុងអំឡុងពេលមួយយប់កន្លងទៅនេះ ប្រព័ន្ធការពារដែនអាកាស បានបាញ់ស្ទាក់និងបំផ្លាញ យន្តហោះដ្រូនរបស់អ៊ុយក្រែន ចំនួន ១១៩៨ គ្រឿង នៅលើតំបន់ជាង១៥ ក្នុងប្រទេសរុស្ស៊ី»។ អាជ្ញាធរមូលដ្ឋាន បាននិយាយថា មនុស្ស៤នាក់ ដែលធ្វើការនៅតំបន់ឧស្សាហកម្មមួយ ក្នុងតំបន់ Volgograd ភាគខាងត្បូងប្រទេសរុស្ស៊ី បានបាត់បង់ជីវិត។ តំបន់ឧស្សាហកម្មនោះ ជាទីតាំងមានរោងចក្រចម្រាញ់ប្រេង និងរោងចក្រគីមី។
កាលពីថ្ងៃព្រហស្បតិ៍ រុស្ស៊ីក៏បានបញ្ជូនយន្តហោះដ្រូន សំដៅទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែនផងដែរ ខណៈលោក ពូទីន ទទួលជួបក្រុមអ្នកចរចាអាមេរិកនៅទីក្រុងមូស្គូ។ ការវាយប្រហារនោះ បានបណ្តាលឱ្យមនុស្សយ៉ាងហោចម្នាក់ស្លាប់។ ក្នុងរយៈពេលជាង ១ឆ្នាំមកនេះ អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយយន្តហោះដ្រូន លើវិស័យថាមពលរបស់រុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយ ប្រភពចំណូលរបស់វិមានក្រឹមឡាំង និងធ្វើឱ្យចុះខ្សោយសមត្ថភាពរបស់រុស្ស៊ី ក្នុងការផ្តល់មូលនិធិគាំទ្រដល់សង្គ្រាម ដែលទីក្រុងមូស្គូ បានចាប់ផ្តើម កាលពីខែកុម្ភៈ ឆ្នាំ២០២២។
អ៊ុយក្រែនបាននិយាយថា រុស្ស៊ីក៏កំពុងតែកំណត់គោលដៅវាយប្រហារ លើបណ្តាញអគ្គិសនីរបស់ខ្លួនផងដែរ តាមរយៈការវាយលុកដោយយន្តហោះដ្រូនជាបន្តបន្ទាប់ ដែលបណ្តាលឱ្យប្រជាជននៅទូទាំងប្រទេសគ្មានអគ្គិសនីប្រើប្រាស់ ស្របពេលសីតុណ្ហភាពធ្លាក់ចុះ មុនរដូវរងាចូលមកដល់៕
រូបថត: tintuc










