ជីកដីក្រោមធ្នឹមរបងចូលវាយសោឃ្លាំងរោងចក្រ លួចខ្សែភ្លើងរាប់ពាន់ម៉ែត្រ ត្រូវជាប់ខ្នោះ

ចែករំលែក៖

ខេត្តតាកែវ៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួចយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់ឃាត់ខ្លួន បន្ទាប់ពីរូបគេបានធ្វើសកម្មភាពជីកដីក្រោមធ្នឹមរបង រួចចូលទៅវាយសោឃ្លាំងរោងចក្រ ដើម្បីប្រមូលលួចយកខ្សែភ្លើងអស់រាប់ពាន់ម៉ែត្រ។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១១ វិច្ឆិកា ២០២៦ ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។

 

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ ខ្លួនមានឈ្មោះ ស៊ុំ រ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន និងជាមុខសញ្ញាលួច។ ប្រភពដដែលបានបន្តថា មុនពេលឈានដល់ការឃាត់ ខ្លួន ជនសង្ស័យរូបនេះបានធ្វើសកម្មភាពចូលលួចក្នុងរោងចក្រ ហ៊្សូយ៉ាស៊ូ ដោយបានជីកដីក្រោមធ្នឹមរបងពីចំហៀងខាងត្បូងឃ្លាំង រួចចូលទៅវាយសោទ្វារឃ្លាំង ដើម្បីប្រមូលលួចយកខ្សែភ្លើង។

 

នៅក្នុងសកម្មភាពនេះ ជនសង្ស័យបានលួចខ្សែភ្លើង និងសម្ភារក្នុងឃ្លាំងរោងចក្របាត់អស់ជាច្រើន រួមមានខ្សែភ្លើងទំហំ ៤៤០មីលីម៉ែត្រការ៉េប្រវែង២០ម៉ែត្រ ខ្សែភ្លើងទំហំ ៣៥មីលីម៉ែត្រការ៉េ ចំនួន ១៨ដុំ (ស្មើនឹង ១៨០០ម៉ែត្រ) ខ្សែភ្លើងស្នូលប្រាក់ទំហំ ២៥មីលីម៉ែត្រ ការ៉េ ប្រវែង ៥០ម៉ែត្រ និងដែកអេតចាយចំនួន ១បាវ មានទម្ងន់ ៤០គីឡូក្រាម។

 

ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា ការចុះបង្ក្រាបនេះគឺធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ សម្របសម្រួលនីតិវិធីពីលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ទោ មូល សារ៉ាត់ អធិការនគរបាលស្រុកបាទី។

 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកបាទីកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print