សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រាប់មេដឹកនាំហ្វ្រង់កូហ្វូនីថា កម្ពុជាមិនមែនជាអ្នកបើកការបាញ់មុនក្នុងជម្លោះជាមួយថៃទេ

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ពីដោយចំហពាក់ព័ន្ធជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិបន្តគាំទ្រដំណោះស្រាយដោយសន្តិវិធី និងការគោរពច្បាប់អន្តរជាតិ។ ខណៈដែលកម្ពុជាអះអាងថា កងកម្លាំងយោធាថៃនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីរបស់កម្ពុជា។

ក្នុងឱកាសដែលមានការចូលរួមពីប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសប្រមាណជាង៨០ប្រទេស រួមទាំងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំងផងនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ចាប់តាំងពីកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុងក្នុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាទទួលបានសន្តិភាពយូរអង្វែងបំផុតក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។ តែទោះជាយ៉ាងណា សម្ដេចធិបតី បានគូសបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៥ ការប៉ះទង្គិចប្រដាប់អាវុធរវាងកម្ពុជា និងថៃ បានកើតឡើងចំនួនពីរលើក ដែលបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិត និងមានប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវបានភៀសសឹក ដោយចាកចេញពីលំនៅឋានរបស់ពួកគាត់។ សម្ដេចនាយករដ្ឋមន្ត្រី បានអះអាងថា ក្នុងជម្លោះនេះ កម្ពុជាមិនមែនជាអ្នកបើកការបាញ់ប្រហារមុននោះទេ។

សម្ដេចនាយករដ្ឋមន្ត្រី បន្តថា ស្ថានភាពក្រោយបទឈប់បាញ់នៅតែមានភាពផុយស្រួយ ដោយកម្លាំងយោធាថៃនៅតែបន្តកាន់កាប់ផ្នែកខ្លះនៃទឹកដីអធិបតេយ្យភាពរបស់កម្ពុជា ខណៈប្រជាពលរដ្ឋកម្ពុជាប្រមាណ២ម៉ឺននាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាននៅឡើយ។

ចំពោះបញ្ហានេះ សម្ដេចបានចាត់ទុកការធានាឱ្យប្រជាពលរដ្ឋអាចវិលត្រឡប់ទៅផ្ទះវិញដោយសុវត្ថិភាព និងមានសេចក្ដីថ្លៃថ្នូរ ជាអាទិភាពចម្បងបំផុត។ សម្ដេចបានអំពាវនាវឱ្យមានការគោរព និងអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដែលមានស្រាប់រវាងកម្ពុជា និងថៃ ព្រមទាំងជំរុញឱ្យបន្តដំណើរការវាស់វែង និងខណ្ឌសីមាព្រំដែនគោករួមគ្នា ដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធី។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា បញ្ហាព្រំដែនត្រូវដោះស្រាយដោយផ្អែកលើមូលដ្ឋានច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិដែលមានស្រាប់ មិនមែនតាមរយៈការប្រើប្រាស់កម្លាំង ឬការគំរាមកំហែងនោះទេ។ និយាយរួម រឿងថៃ បំពានបូរណភាពដែនដីកម្ពុជា ត្រូវបានសម្តេចមហាបវរធិបតី បន្តលើកក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី មានមេដឹកនាំចូលរួមមកពី៨១ប្រទេស បានយកចិត្តទុកដាក់ស្តាប់ចាំទុកជាប្រវត្តិសាស្ត្រ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដោយចំហអំពីសង្គ្រាមឈ្លានពានរបស់ថៃមកលើកម្ពុជា នៅចំពោះមុខប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ព្រមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងគណៈប្រតិភូនៃបណ្ដាប្រទេសនិយាយភាសាបារាំងជាង៨០ប្រទេស ដែលកំពុងមានវត្តមានក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print