សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ពីជំហរម៉ឺងម៉ាត់លើការការពារសន្តិភាព និងអធិបតេយ្យភាពព្រំដែនតាមច្បាប់អន្តរជាតិ ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០

ចែករំលែក៖

ភ្នំពេញ៖ យោងតាមទីភ្នាក់ងារ AKP នៃក្រសួងព័ត៍មាន បានចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះថា៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីជំហរម៉ឺងម៉ាត់លើការការពារសន្តិភាព និងអធិបតេយ្យភាពព្រំដែនតាមច្បាប់អន្តរជាតិ ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ (OCIC) រាជធានីភ្នំពេញ។

 

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រីក៏បានអំពាវនាវឱ្យមានការគោរពកិច្ចព្រមព្រៀងជាធរមានទាំងអស់ និងស្នើឱ្យចាប់ផ្តើមឡើងវិញនូវការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោកដែលមានស្រាប់តាំងពីជាងមួយសតវត្សរ៍មុន។ ចំណែកឯនៅតំបន់សមុទ្រវិញ កម្ពុជាបានជ្រើសរើសយកផ្លូវច្បាប់តាមរយៈយន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ដែលភាគីថៃក៏បានចូលរួមក្នុងនីតិវិធីនេះផងដែរ។

 

សម្តេចធិបតីបានសង្កត់ធ្ងន់ទៅលើគោលការណ៍ច្បាប់អន្តរជាតិថា៖ «គ្មានព្រំដែនណាមួយត្រូវបានផ្លាស់ប្តូរដោយការប្រើប្រាស់កម្លាំងអាវុធ ឬការបង្កើតអង្គហេតុសម្រេចលើទីតាំងនោះឡើយ។ ការគោរពច្បាប់អន្តរជាតិ គឺជាការធានាបាននូវសន្តិសុខដល់គ្រប់បណ្តារដ្ឋ មិនថាជារដ្ឋធំ ឬតូចឡើយ»។

 

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជម្រាបជូនអង្គប្រជុំអំពីស្ថានភាពសន្តិសុខនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលបានកើតមានការប៉ះទង្គិចដោយអាវុធចំនួន ២លើក កាលពីឆ្នាំ២០២៥ ដោយសម្តេចបានបញ្ជាក់ច្បាស់ៗថា កម្ពុជា មិនមែនជាអ្នកផ្ដើមបាញ់មុននោះឡើយ។ បើទោះបីជាមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏ស្ថានភាពនៅតែមានភាពស្មុគស្មាញ និងផុយស្រួយនៅឡើយ ដោយកងទ័ពរាប់ពាន់នាក់នៅតែប្រឈមមុខដាក់គ្នា ដែនអធិបតេយ្យរបស់កម្ពុជា ជាច្រើនកន្លែងនៅតែត្រូវបានកាន់កាប់ដោយខុសច្បាប់ពីសំណាក់កងទ័ពថៃ និងបានបង្ខំឱ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ២០ ០០០នាក់ នៅមិនទាន់អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញបាន។

 

ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានរម្លឹកឡើងវិញនូវប្រវត្តិសាស្ត្រនៃការបង្កើតអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីនៅឆ្នាំ១៩៧០ ដែលមានព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជាព្រះវររាជបិតា ជាស្ថាបនិកមួយព្រះអង្គ ដោយបានគូសបញ្ជាក់អំពីដំណើរប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ដែលបានធ្លាក់ចូលក្នុងភ្លើងសង្រ្គាម និងអំពើប្រល័យពូជសាសន៍ មុននឹងឈានដល់ការកសាងប្រទេសឡើងវិញពីបាតដៃទទេ រហូតទទួលបានឯកភាពជាតិ និងសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងត្រូវបានថែរក្សាពង្រឹងបន្ថែមក្រោមព្រះរាជតម្រិះដ៏ឈ្លាសវៃរបស់ព្រះករុណាព្រះមហាក្សត្រ។

 

«ភ្នំពេញយល់ច្បាស់បំផុតអំពីតម្លៃនៃសន្តិភាព ទោះបីជាត្រឹមតែមួយថ្ងៃក៏ដោយ ហើយថ្ងៃនេះ យើងបើកទ្វារទីក្រុងរបស់យើងដើម្បីទទួលស្វាគមន៍ ឯកឧត្តម លោកជំទាវ ទាំងអស់គ្នា។ ក្នុងនាមប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមជម្រាបជូនមហាគ្រួសារហ្វ្រង់កូហ្វូនីទាំងមូលថា ទីនេះជាផ្ទះរបស់ឯកឧត្តម លោកជំទាវ»។ នេះគឺជាការលើកឡើងបន្ថែមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ។

 

ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីសារៈសំខាន់នៃការវិលត្រឡប់មកកាន់តំបន់អាស៊ីអាគ្នេយ៍សាជាថ្មីរបស់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី បន្ទាប់ពីរយៈពេល២៩ឆ្នាំ ក្រោយកិច្ចប្រជុំនៅទីក្រុងហាណូយ ដោយសម្តេចបានបង្ហាញឆន្ទៈប្រែក្លាយភ្នំពេញឱ្យទៅជាស្ពានតភ្ជាប់រវាងអាស៊ី និងលំហហ្វ្រង់កូហ្វូនី ដើម្បីផ្តល់អាទិភាពលើកិច្ចសន្ទនា និងការការពារដោយច្បាប់សម្រាប់មនុស្សគ្រប់រូប ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងការបែកបាក់។

...

 

សម្តេចធិបតី បានថ្លែងអំណរគុណចំពោះអាស៊ាន និងបណ្តាប្រទេសជាមិត្តនៃសហគមន៍អន្តរជាតិ ដែលបានគាំទ្របទឈប់បាញ់ និងដំណោះស្រាយតាមរយៈកិច្ចសន្ទនា និងច្បាប់អន្តរជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍរួមគ្នាថា៖ «ការកសាងសន្តិភាពត្រូវការពេលវេលាច្រើនជំនាន់ ប៉ុន្តែការបាត់បង់សន្តិភាព អាចកើតឡើងក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ សន្តិភាពបង្កើតឱ្យមានទំនុកចិត្ត ហើយទំនុកចិត្តទាក់ទាញការវិនិយោគ ហើយវិបុលភាពរួម គឺជាកត្តាការពារសន្តិភាព»៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print