អាជ្ញាធរខណ្ឌសែនសុខបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅផ្លូវសហព័ន្ធរុស្ស៊ី

ចែករំលែក៖

ភ្នំពេញ៖ ដោយមើលឃើញអំពីភាពគ្មានសណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានដោយសារតែក្រុមអាជីវករក៏ដូចជាម្ចាស់ហាងមួយចំនួនរំលោភយកចិញ្ចើមផ្លូវសាធារណៈដាក់តាំងរបស់របរ លក់ដូរ ឬដាំស្លាកយីហោរញ៉េរញ៉ាយបាត់បង់សណ្តាប់ធ្នាប់
សាធារណៈ ទើបនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ អាជ្ញាធរខណ្ឌសែនសុខដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌបានដឹកនាំមន្ត្រីសាលាខណ្ឌ សង្កាត់ទឹកថ្លា និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ នៅមុខផ្សារទឹកថ្លាតាមផ្លូវសហព័ន្ធរុស្ស៊ីដែលក្រុមអាជីវករដាំរំលោភចិញ្ចើមផ្លូវសាធារណៈ យកទៅរក្សាទុកនៅសាលាខណ្ឌដើម្បីចាត់ការតាមនីតិវិធី ។

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខប្រាប់ឲ្យដឹងថា ការដែលលោកដឹកនាំមន្ត្រីសាលាខណ្ឌសង្កាត់និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះមករុះរើកាត់ស្លាកយីហោអាជីវកម្ម និងប៉ាណូផ្សេងៗដែលដាំរំលោភចិញ្ចើមផ្លូវសាធារណៈនេះគឺដោយយោងទៅតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌសែនសុខស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវសាធារណៈក្នុងមូលដ្ឋាន ណែនាំបងប្អូនអាជីវករជាច្រើនលើកច្រើនសាររួចមកហើយ ប៉ុន្តែការណែនាំនេះមិនត្រូវបានបងប្អូនអាជីវករអនុវត្តតាមនោះទេ ទើបរូបលោកទទួលបានបញ្ជាពីលោក ប៉ឹល កុសល គណៈអភិបាលខណ្ឌសែនសុខដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់បែបនេះតែម្តង ។

លោក សាំង សុភៈវិចិត្រ ប្រាប់បន្តឲ្យដឹងថា ថ្ងៃដំបូងនេះកម្លាំងរបស់លោកចាប់ផ្តើមចុះរៀបចំសណ្តាប់ធ្នាប់នៅលើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីគល់ស្ពានអាកាស៧មករារហូតដល់ផ្លូវបំបែកភ្នំពេញហាណូយក្នុងនោះកាត់បានផ្ទាំងប៉ាណូមួយចំនួនយកទៅរក្សាទុកនៅសាលាខណ្ឌសែនសុខ ដើម្បីចាត់ការតាមច្បាប់ ។

ជាមួយគ្នានេះដែរក្រុមការងាររបស់លោកក៏បានបាញ់ថ្នាំធ្វើជាគំនូសសញ្ញា កំណត់ការលក់ដូរ ដើម្បីកំណត់កន្លែងតាំងទំនិញលក់ជូនបងប្អូនអាជីវករផងដែរចៀសវាងការលក់រំលោភបំពាននៅលើចិញ្ចើមផ្លូវសាធារណៈបន្តទៀត។

នាឱកាសនោះលោកអភិបាលរងខណ្ឌសែនសុខ ក៏បានអំពាវនាវផងដែរទៅដល់ក្រុមអាជីវករ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់ របៀបរាបរយ និងសោភ័ណ្ឌភាពតាមចិញ្ចើមផ្លូវសាធារណៈឲ្យបានល្អប្រសើរឡើងវិញ សាលាខណ្ឌសែនសុខ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករទាំងអស់ចូលរួមអនុវត្តដូចខាងក្រោម ៖

ទី១ ហាមដាច់ខាតយកចិញ្ចើមផ្លូវសាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្មគ្រប់ប្រភេទ និងលើកផ្លាកយីហោ។

ទី២ ត្រូវបញ្ឈប់រាល់ការធ្វើអាជីវកម្មលើចិញ្ចើមផ្លូវសាធារណៈ ដោយរុះរើតូបលក់ដូរនិងសម្ភារគ្រប់ប្រភេទចេញពីចិញ្ចើមផ្លូវសាធារណៈ ជាពិសេសត្រូវដកនិងកាត់ចេញនូវស្លាកយីហោដែលដាក់នៅលើចិញ្ចើមផ្លូវសាធារណៈចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ទី៣ ក្នុងករណីមិនអនុវត្តតាមការណែនាំសាលាខណ្ឌសែនសុខនឹងចាត់វិធានការរដ្ឋបាលចុះរៀបចំសណ្តាប់ធ្នាប់របៀបរាបរយសាធារណៈដោយមិនទទួលខុសត្រូវរាល់ការខូចខាតបាត់បង់ទ្រព្យសម្បត្តិ សម្ភារ និងផលប្រយោជន៍របស់បងប្អូនឡើយ៕

2016-10-07-8 2016-10-07-7 2016-10-07-6 2016-10-07-4 2016-10-07-3 2016-10-07-5

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print