ខេត្តពោធិ៍សាត់÷ មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុកបាកានបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះថា សមត្ថកិច្ចបានបង្រ្កាបករណីគ្រឿងញៀននៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ វេលាម៉ោង ១៣ និង២៥នាទី ដោយអនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្រោមការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ត្រី យន ប៊ុនធា អធិការនគរបាលស្រុកបាកាន ។
ប្រភពបានឱ្យដឹងថា កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនស្រុកបាកាន ដឹកនាំដោយលោកវរសេនីយ៍ទោ ជា សារិ អធិការរងនគរបាលស្រុកបាកាន បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១លើក នៅចំណុចលើផ្លូវលំក្រាលកៅស៊ូដូនអាម ស្ថិតនៅភូមិអូររំចេក ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ គ្រួច សំណាង ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ដកហូតវត្ថុតាងរួមមាន៖
១. ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន០១កញ្ចប់ ទម្ងន់ ០.៨៦ ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ
២. ទូរស័ព្ទចំនួន ០១ គ្រឿង ម៉ាក iPhone 6 ពណ៌ស
៣. អំពូលសម្រាប់ជក់ ០១
៤. កូនថង់សម្រាប់រំលែកថ្នាំញៀន មួយចំនួន
៥. ម៉ូតូ ០១ គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២០ ពណ៌ខ្មៅ គ្មានផ្លាកលេខ។
បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










