ភ្នំពេញ៖ ស្ថិតក្នុងគោលបំណងពង្រឹងគុណភាពផលិតផលចំណីអាហារនៅកម្ពុជាក្រុមហ៊ុនGivaudan បានសហការជាមួយក្រុមហ៊ុនSinogocoដើម្បីបង្កើតកម្មវិធីសិក្ខាសាលាមួយឡើងដោយបានផ្តល់នូវចំណេះដឹងថ្មីៗស្តីពីចំណីអាហារ និងការផលិតគ្រឿងបរិភោគនៅជុំវិញពិភពលោក។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះ នៅសណ្ឋាគារ Inter Continental ក្រោមការចូលរួមពីសំណាក់សហគ្រិនជាច្រើនរូប។
បច្ចុប្បន្ននិន្នាការនៃការទទួលទានចំណីអាហារប្រចាំថ្ងៃដែលមានសុវត្ថិភាព ត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំងដូចនេះក្រុមហ៊ុនGivaudan ដែលជាក្រុមហ៊ុនចែកចាយវត្ថុធាតុដើមមេក្លិន ដើម្បីផលិតចំណីអាហារដ៏ល្បីនៅលើពិភពលោកបានព្យាយាមស្វែងរកអ្វីដែលថ្មីប្លែកសម្រាប់ម្ចាស់សហគ្រាសអភិវឌ្ឍន៍កែច្នៃឲ្យផលិតផលរបស់ខ្លួនមានស្តង់ដារខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោក ឈិន កុកថៃ នាយកក្រុមហ៊ុន Sinogoco មានប្រសាសន៍ក្នុងកម្មវិធីនេះថា សិក្ខាសាលានៅថ្ងៃនេះគឺពិតជាមានសារៈសំខាន់ទៅដល់សិក្ខាកាមដោយបានផ្តល់នូវចំណេះដឹងព្រមទាំងបទពិសោធន៍បន្ថែមដល់សហគ្រិននៅក្នុងស្រុកសម្រាប់យកទៅធ្វើការអភិវឌ្ឍកែច្នៃផលិតផលឲ្យមានស្តង់ដារខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ លោកបញ្ជាក់ថា ក្រោយពីសិក្សាស្រាវជ្រាវអំពីទីផ្សារផលិតផលមួយចំនួននៅក្រៅស្រុកលោកសង្កេតឃើញពីភាពខុសប្លែកគ្នានៃស្តង់ដារដូចនេះការការសហការរួមគ្នានេះដែរGivaudanក៏បន្តទទួលយកសំណើរក្នុងការផលិតនូវផលិតផលគំរូ និងផ្តល់នូវរូបមន្តសម្រាប់ផលិតផលសហគ្រាសទាំងអស់ឲ្យមានស្តង់អាចប្រកួតប្រជែង និងនាំចេញទៅលក់នៅក្រៅប្រទេសបាន។ លោកបន្តថា ក្រោយពីចាប់ផ្តើមសហការជាមួយក្រុមហ៊ុនGivaudanដែលជាក្រុមហ៊ុនមកពីប្រទេសស្វីស និងជាក្រុមហ៊ុនផលិតផលផ្នែករូបមន្តក្លិនធំជាងគេនៅលើពិភពលោក គឺលោកសង្កេតឃើញពីការកែប្រែមុខមាត់ថ្មីនៃគុណភាព និងរស់ជាតិរបស់ចំណីអាហាររបស់ផលិតផលខ្មែរចាប់ផ្តើមមានការរីកចម្រើន និងត្រូវបានប្រជាជនខ្មែរទទួលស្គាល់ជាបណ្តើរៗ។ លោកជឿជាក់ថា សហគ្រិនដែលបានចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានបទពិសោធន៍សម្រាប់អភិវឌ្ឍន៍ផលិតផល ប្រកបដោយគុណភាពស្តង់ដារមួយដែលទទួលស្គាល់ជាសាកល។
លោក Vagin Dhiravegin ប្រធានផ្នែកមេក្លិនចំណីអាហាររបស់ក្រុមហ៊ុនGivaudanប្រចាំឥណ្ឌូចិនបានបញ្ជាក់ថា ក្រោយពីសហការជាមួយក្រុមហ៊ុន Sinogoco ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកសង្កេតឃើញពីការវិវត្តន៍ផលិតផលល្អនិងទទួលបានជោគជ័យនៅលើទីផ្សារ។ លោកបន្តថា តាមរយៈការសហការគ្នា ក្នុងការបណ្តុះបណ្តាលើផ្នែកទីផ្សារបច្ចេកវិទ្យានៅពេលនេះនឹងកាន់តែធ្វើឲ្យមានភាពប្រសើរឡើងនិងទទួលយកផ្លែផ្កាពីការអភិវឌ្ឍផលិតផលរបស់ខ្លួននៅថ្ងៃមុខ៕
ដោយ៖ វឌ្ឍនា