ភ្នំពេញ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានលើកឡើងនូវទិសដៅសំខាន់ៗចំនួន ៦ចំណុច សម្រាប់ការធ្វើជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា ដែលបានបើកជាផ្លូវការនៅទីស្ដីការក្រសួងមហាផ្ទៃ។
យុទ្ធនាការជំរឿននេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិ នីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
បើតាមប្រមុខក្រសួងមហាផ្ទៃ ទិសដៅទាំងនោះរួមមាន ១. ស្គាល់ច្បាស់ពីកម្លាំងដែលមានស្រាប់ ២. ដឹងពីតម្រូវការកម្លាំងជាក់ស្តែង ៣. ស្គាល់ពីសមត្ថភាពរបស់មន្ត្រី ៤. ពង្រឹងការគ្រប់គ្រងរដ្ឋបាល ៥. ធ្វើទំនើបកម្មការគ្រប់គ្រង និងទី៦. ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត។
អភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា យុទ្ធនាការជំរឿននេះ គឺជាការអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិ នីតិកាលទី៧ នៃរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងកសាងមូលដ្ឋាន ទិន្នន័យធនធានមនុស្សរយៈពេលវែង ធានាប្រសិទ្ធភាពការងារ និងចូលរួមកាត់បន្ថយនូវការចំណាយថវិកាជាតិ ដែលសូវមិនចាំបាច់។
យោងតាមរបាយការណ៍នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស បានឱ្យដឹងថា ជំរឿនមន្ត្រីនគរបាលជាតិដែលចាប់ផ្ដើមនាពេលនេះ គឺគ្របដណ្តប់លើអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃចំនួន ៣ មានជាអាទិ៍ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។
ដើម្បីធានាដល់ការងារជំរឿនប្រព្រឹត្តទៅដោយរលូន និងទទួលបានប្រសិទ្ធភាពខ្ពស់នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ក៏បានបញ្ជាក់អំពីនីតិវិធីនៃដំណើរការជំរឿនជាក់ស្តែង ដែលជាដំបូង មន្រ្តីលេខាធិការដ្ឋានមកពីអង្គភាពសាមីហៅឈ្មោះមន្រ្តីនគរបាលម្នាក់ៗមកជួបមន្រ្តីបច្ចេកវិទ្យា ដើម្បីថតរូបភាព ផ្តិតមេដៃស្តាំ និងចុះហត្ថលេខាលើ Dashboard សម្រាប់បញ្ចូលទៅក្នុង ប្រព័ន្ធបច្ចុប្បន្នភាពទិន្នន័យមន្រ្តីនគរបាលជាតិ។
បន្ទាប់មកទៀត មន្រ្តីម្នាក់ៗត្រូវពិនិត្យទិន្នន័យផ្ទាល់ខ្លួននៅលើវិញ្ញាបនបត្រជំរឿនមន្រ្តីនគរបាលជាតិ លើកទី៤ រួចផ្តិតមេដៃស្តាំ និងសរសេរឈ្មោះនៅលើវិញ្ញាបនបត្រនោះ ផ្តិតមេដៃស្តាំនៅលើសៀវភៅបិទរូបថត និងចុងបញ្ចប់ទៅជួបមន្រ្តីលេខាធិការដ្ឋាន ដើម្បីចុះហត្ថលេខានៅលើបញ្ជីវត្តមាន ដើម្បីបញ្ចប់ដំណើរការជំរឿន។
សម្រាប់ការបើកធ្វើជំរឿននៅថ្ងៃនេះ ក្រសួងមហាផ្ទៃបានចាប់ផ្ដើមអនុវត្តលើអគ្គនាយកដ្ឋានចំនួន៣ រួមមានអគ្គនាយកដ្ឋានធនធានមនុស្ស អគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ មន្ត្រីជំនាញនិងបន្តការធ្វើជំរឿននៅតាមបណ្ដាអង្គភាពផ្សេងៗទៀតថ្នាក់ក្រសួងមហាផ្ទៃ មុនបន្តទៅធ្វើជំរឿននៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំង២៥។
ប្រមុខក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ជូនទៅកាន់មន្រ្តីថា ការធ្វើជំរឿននេះ មិនមែនជាការដាក់កំហិតរឹតបន្តឹងធ្វើបាបមន្រ្តីណាមួយឡើយ។ ផ្ទុយទៅវិញ តាមរយៈភាពច្បាស់លាស់នៃទិន្នន័យដែលបានមកពីការធ្វើជំរឿននេះ ទីមួយ‑សាមីមន្រ្តីនឹងទទួលបានការការពារ និងអត្ថប្រយោជន៍ផ្សេងៗស្របតាមច្បាប់ ទីពីរ‑ធានាបាននូវប្រសិទ្ធភាពលើការងារកែទម្រង់ និងអភិវឌ្ឍន៍កងកម្លាំង ទាំងវិន័យ និងសមត្ថភាពជំនាញ និងទីបី‑គឺមានលទ្ធភាពពេញលេញ ដើម្បីពង្រឹងនិងអភិវឌ្ឍន៍អង្គភាព រួមទាំងស្ថាប័នកងកម្លាំងយើងទាំងមូល។
ក្នុងឱកាសថ្លែងផ្ដល់បទសម្ភាសជូនអ្នកសារព័ត៌មាន អភិសន្តិបណ្ឌិត ស សុខា បានរម្លឹកជូនថ្នាក់ដឹកនាំគ្រប់អង្គភាពយកចិត្តទុកដាក់ផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់មន្ត្រីក្រោមឱវាទ អំពីកាលបរិច្ឆេទ និងទីកន្លែងចុះជំរឿន ព្រមទាំងសហការសម្របសម្រួលជាមួយក្រុមការងារជំរឿនឱ្យបានល្អ ដោយឈរលើស្មារតីតម្លាភាព និងទទួលខុសត្រូវខ្ពស់ មិនត្រូវលាក់បាំង ឬការពារមន្ត្រីអសកម្មឡើយ ហើយថាចំពោះមន្ត្រីនគរបាលជាតិគ្រប់រូប ត្រូវចូលរួមសហការ និងត្រៀមឯកសារច្បាប់ដើមឱ្យបានគ្រប់គ្រាន់ ដើម្បីមកបង្ហាញខ្លួនតាមការកំណត់របស់អង្គភាព៕
ដោយ៖តារា










