វៀតណាមត្រូវធ្វើអ្វីបន្ត បន្ទាប់ពីទំហំពាណិជ្ជកម្មកើនដល់ ១ ទ្រីលានដុល្លារ?

ចែករំលែក៖

វៀតណាមបានសម្រេចសមិទ្ធផលប្រវត្តិសាស្ត្រ ដោយទំហំពាណិជ្ជកម្មសរុបបានកើនលើស ១ ទ្រីលានដុល្លារអាមេរិកជាលើកដំបូង គិតត្រឹមខែតុលា ឆ្នាំ២០២៦ ដែលកើនឡើង ៣២,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះទទួលបានការជំរុញពីការវិនិយោគបច្ចេកវិទ្យា និងការពង្រីកវិស័យផលិតកម្ម។

ការិយាល័យស្ថិតិជាតិវៀតណាមបានបញ្ជាក់ថា សមិទ្ធផលនេះបង្ហាញពីភាពបើកចំហនៃសេដ្ឋកិច្ច និងការធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងទីផ្សារពិភពលោក។

ចំណុចគួរឱ្យកត់សម្គាល់គឺល្បឿនកំណើន។ វៀតណាមត្រូវចំណាយពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើនទំហំពាណិជ្ជកម្មពី ១០០ ពាន់លានដុល្លារ នៅឆ្នាំ២០០៧ ដល់ ៥០០ ពាន់លានដុល្លារ នៅឆ្នាំ២០១៩។ ប៉ុន្តែត្រូវការពេលត្រឹម ៧ ឆ្នាំប៉ុណ្ណោះ ដើម្បីបង្កើនទំហំដល់ពីរដង។

កត្តាជំរុញសំខាន់ៗរួមមាន ការពង្រីកសមត្ថភាពផលិតកម្ម លំហូរវិនិយោគ កំណើនឧស្សាហកម្មផលិត និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) កាន់តែមានប្រសិទ្ធភាព។ បច្ចុប្បន្ន វៀតណាមបានចូលរួមក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចំនួន ១៩ ដែលជួយទាក់ទាញវិនិយោគផ្ទាល់ពីបរទេស (FDI) ឱ្យកើនឡើងដល់ជិត ៥៥ ពាន់លានដុល្លារ ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៧ ឆ្នាំ។ ក្នុងនោះ វិស័យផលិតកម្មមានចំណែក ៥១,៦%។

ផលិតផលអេឡិចត្រូនិក កុំព្យូទ័រ គ្រឿងម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់ ទូរស័ព្ទ និងគ្រឿងបន្លាស់ទូរស័ព្ទ មានចំណែកលើសពីពាក់កណ្តាលនៃការនាំចេញសរុប។ ចំណែកនេះអាចកើនឡើងបន្ថែមទៀត ដោយសារការវិនិយោគលើបច្ចេកវិទ្យា AI កំពុងរីកចម្រើន។

សញ្ញាវិជ្ជមានផ្សេងទៀតរួមមាន ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកចំនួន ៨២% ក្នុងការស្ទង់មតិរបស់ Navigos Search គ្រោងពង្រីកចំនួនបុគ្គលិកក្នុងរយៈពេល ១២ ខែខាងមុខ។ តម្រូវការជ្រើសរើសបុគ្គលិកមានចាប់ពីកម្មករផលិតកម្ម វិស្វករត្រួតពិនិត្យគុណភាព រហូតដល់អ្នកជំនាញស្រាវជ្រាវ និងអភិវឌ្ឍន៍។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនដឹកជញ្ជូន Federal Express ក៏បានបន្ថែមសមត្ថភាពដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ៥៦៧ តោនក្នុងមួយសប្តាហ៍ រវាងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហរដ្ឋអាមេរិក ដើម្បីឆ្លើយតបនឹងតម្រូវការដឹកជញ្ជូនទំនិញមានតម្លៃខ្ពស់ ដូចជា បន្ទះឈីប សឺវើរ និងគ្រឿងបន្លាស់ AI។ ការពង្រីកនេះផ្តល់ផ្លូវដឹកជញ្ជូនបន្ថែមសម្រាប់ទំនិញពីវៀតណាម តាមអាកាសយានដ្ឋានអន្តរជាតិ Clark ក្នុងប្រទេសហ្វីលីពីន។

ទោះជាយ៉ាងណា វៀតណាមនៅតែប្រឈមនឹងបញ្ហាប្រឈមមួយចំនួន ដូចជា ពន្ធគយ ថ្លៃថាមពល ការប្រកួតប្រជែងក្នុងការជ្រើសរើសបុគ្គលិក និងការលំបាកក្នុងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឱ្យបានពេញលេញ។ ការស្ទង់មតិរបស់ HSBC ក៏បង្ហាញថា អាជីវកម្មនៅវៀតណាមមានសុទិដ្ឋិនិយមចំពោះពាណិជ្ជកម្មអន្តរជាតិ ដោយ ៩៤% រំពឹងថាប្រតិបត្តិការរបស់ខ្លួននឹងកើនឡើងក្នុងរយៈពេលពីរឆ្នាំខាងមុខ។

បញ្ហាសំខាន់៖ តើវៀតណាមអាចរក្សាតម្លៃសេដ្ឋកិច្ចបានប៉ុន្មានពីពាណិជ្ជកម្ម ១ ទ្រីលានដុល្លារនេះ?

អ្នកជំនាញបានលើកឡើងថា ទំហំពាណិជ្ជកម្ម ១ ទ្រីលានដុល្លារ គឺជាតម្លៃទំនិញដែលឆ្លងកាត់ព្រំដែន មិនមែនជាតម្លៃបន្ថែមដែលបង្កើតឡើងក្នុងប្រទេសវៀតណាមទាំងស្រុងនោះទេ ព្រោះវិស័យផលិតកម្មនៅតែពឹងផ្អែកខ្លាំងលើវត្ថុធាតុដើម និងគ្រឿងបន្លាស់នាំចូល។

លោកស្រី Mariam J. Sherman នាយិកាប្រចាំប្រទេសរបស់ធនាគារពិភពលោកសម្រាប់វៀតណាម កម្ពុជា និងឡាវ បានឱ្យដឹងថា ក្រុមហ៊ុនបរទេសមានចំណែករហូតដល់ ៧៣% នៃការនាំចេញរបស់វៀតណាម។ នេះបង្ហាញថា អាជីវកម្ម និងកម្លាំងពលកម្មក្នុងស្រុកនៅមិនទាន់ទទួលបានចំណែកតម្លៃបន្ថែមច្រើនពីការនាំចេញនៅឡើយ។

ដូច្នេះ ដំណាក់កាលបន្ទាប់របស់វៀតណាមគួរផ្តោតលើការពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក បង្កើនការប្រើប្រាស់វត្ថុធាតុដើម និងធាតុផ្សំក្នុងស្រុក អភិវឌ្ឍផលិតផលបច្ចេកវិទ្យាខ្ពស់ បង្កើនតម្លៃបន្ថែម កាត់បន្ថយការពឹងផ្អែកលើការនាំចូល និងពង្រីកទីផ្សារនាំចេញឱ្យកាន់តែសម្បូរបែប។

...

សមិទ្ធផលពាណិជ្ជកម្ម ១ ទ្រីលានដុល្លារ គឺជាជំហានដ៏សំខាន់សម្រាប់វៀតណាម។ ប៉ុន្តែការវាស់វែងភាពជោគជ័យនាពេលអនាគត មិនគួរផ្អែកតែលើទំហំពាណិជ្ជកម្មទេ គឺត្រូវមើលថាតើក្រុមហ៊ុនក្នុងស្រុកអាចបង្កើតតម្លៃបន្ថែមបានកាន់តែច្រើន និងសេដ្ឋកិច្ចអាចរីកចម្រើនដោយមានភាពឯករាជ្យ និងចីរភាពកម្រិតណា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print