ឆ្មក់បង្ក្រាបទីតាំង KTV មួយកន្លែងនៅស្រុកភ្នំស្រួច សមត្ថកិច្ចជួយសង្គ្រោះនារីបម្រើសេវា ១០នាក់ ក្នុងនោះមានអនីតិជន ៦នាក់ និងឃាត់ខ្លួនមនុស្ស ៣នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ កម្លាំងសមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ បានចុះប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែង ដែលសង្ស័យថា លួចបើកដំណើរការបង្កប់សកម្មភាពសញ្ចារកម្ម និងផ្តល់ទីតាំងប្រព្រឹត្តបទល្មើស ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានជួយសង្គ្រោះនារីបម្រើសេវា (Otez) ចំនួន១០នាក់ ក្នុងនោះមានអនីតិជនចំនួន៦នាក់ ព្រមទាំងឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ដើម្បីចាត់ការតាមនីតិវិធី។

 

ប្រតិបត្តិការនេះធ្វើឡើងនៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦ នៅទីតាំងខារ៉ាអូខេយីហោ «ហេងៗ សប្បាយៗ អូនរដ្ឋា ៧៧៧៧ (សាខាទី២)» ស្ថិតក្នុងភូមិតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយអនុវត្តតាមបទ បញ្ជា និងការចង្អុលបង្ហាញរបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ។

 

ប្រតិបត្តិការនេះដឹកនាំដោយលោក ស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ព្រមទាំងការងារយេនឌ័រ ដោយមានការសម្របសម្រួលនីតិវិធីពី លោកស្រី ធាម ច័ន្ទពីលីការ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ និងមានការចូលរួមពីកម្លាំងការិយាល័យជំនាញ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកភ្នំស្រួច អធិការដ្ឋាននគរបាលស្រុក ព្រមទាំងអាជ្ញាធរមូលដ្ឋាន។

 

តាមការបញ្ជាក់លោកស្រីវរសេនីយ៍ឯក មួន មល្លិកា បានឱ្យដឹងថា ទីតាំងខាងលើត្រូវបានសមត្ថកិច្ចទទួលព័ត៌មានថា បានលួចបើកដំណើរការដោយបង្កប់សកម្មភាពសញ្ចារកម្ម និងផ្តល់ទីតាំងសម្រាប់ប្រព្រឹត្តបទល្មើស។ ក្រោយពីធ្វើការស្រាវជ្រាវ និងចុះត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងឃាត់ខ្លួនមនុស្សចំនួន៣នាក់ រួមមាន ៖

 

១- ឈ្មោះ គីម ពិសី ភេទស្រី អាយុ៤៣ឆ្នាំ ជាថៅកែ និងម្ចាស់ KTV។

២- ឈ្មោះ ឃន រដ្ឋា ភេទស្រី អាយុ៣៤ឆ្នាំ ជាម្ចាស់អាជ្ញាបណ្ណ។

៣- ឈ្មោះ ទូច ស្រីឡៃ ភេទស្រី អាយុ៣៤ឆ្នាំ មានតួនាទីជាមេការ។

 

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានជួយសង្គ្រោះនារីដែលបម្រើសេវានៅក្នុងទីតាំង KTV ខាងលើសរុបចំនួន ១០នាក់ ក្នុងនោះមាននារីវ័យក្មេងដែលជាអនីតិជនចំនួន៦នាក់ ដែលត្រូវបាននាំចេញពីទីតាំង ដើម្បីសាកសួរ និងផ្តល់ការការពារតាមនីតិវិធី។

 

បច្ចុប្បន្ន នារីទាំង១០នាក់ ត្រូវបានសមត្ថកិច្ចសហការជាមួយអង្គការដៃគូ និងមន្ទីរសង្គមកិច្ចខេត្តកំពង់ស្ពឺ នាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរ សម្ភាសន៍ និងស្វែងរកព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើ។

 

ចំណែកមនុស្សទាំង៣នាក់ ដែលត្រូវបានឃាត់ខ្លួន សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print