ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្ដើមបើកធ្វើជំរឿនមន្រ្តីនគរបាលជាតិ លើកទី៤ ជាប្រវត្តិសាស្រ្ត ចាប់ពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈជំរឿនលើកទី១ ធ្លាប់បានធ្វើឡើងនៅឆ្នាំ១៩៩៧ លើកទី២ឆ្នាំ២០០១ និងលើកទី៣ ឆ្នាំ២០១០។ ជំរឿនចុងក្រោយនេះ ផ្ដើមមុនគេនៅអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីលនិងផ្សព្វផ្សាយអប់រំ។ ជំរឿននឹងបន្តធ្វើរហូតអស់គ្រប់អង្គភាពចំណុះទីស្ដីការក្រសួង មុនបន្តអនុវត្តនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។
តើធ្វើជំរឿននគរបាលដើម្បីអ្វី? ចម្លើយគឺដើម្បីធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងមន្ត្រីនគរបាលជាតិឱ្យបានច្បាស់លាស់ ដូចជាអង្គភាពបម្រើការងារ មុខតំណែង ឋានន្តរស័ក្ដិ ប្រាក់បៀវត្ស ជំនាញវិជ្ជាជីវៈនានា និងមន្ត្រីអសកម្ម។ ជំរឿននេះ នឹងរួមចំណែកកាត់បន្ថយការចំណាយថវិកាជាតិ និងជាការអនុវត្តស្របតាមគោលនយោបាយកំណែទម្រង់កងកម្លាំងនគរបាលជាតិរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។
លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាក់ថា ជំរឿននេះ ជាផ្នែកមួយនៃយុទ្ធសាស្រ្តគ្រប់គ្រងធនធានមនុស្សរយៈពេលវែង មិនមែនគ្រាន់តែជាការរាប់ចំនួនមន្ត្រី ឬធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះប៉ុណ្ណោះទេ។ មិនគ្រាន់តែជាការរាប់ចំនួនមន្ត្រី ក៏ព្រោះប្រមុខក្រសួងមហាផ្ទៃ បានដាក់ទិសដៅស្នូល៦រួចជាស្រេច តាំងពីមុនការចាប់ផ្ដើមធ្វើជំរឿន។ ៦ទិសដៅស្នូលនោះ រួមមាន៖
ទី១.ស្គាល់ច្បាស់ពីកម្លាំង ដែលមានស្រាប់៖ បានដឹងពីចំនួនមន្ត្រីពិតប្រាកដ អង្គភាព បម្រើការងារ តួនាទី ភារកិច្ច និងស្ថានភាពការងារជាក់ស្តែង។
ទី២.ដឹងពីតម្រូវការកម្លាំងជាក់ស្តែង៖ វាយតម្លៃបានពីអង្គភាព ដែលមានកម្លាំងគ្រប់គ្រាន់ ឬខ្វះកម្លាំង ដើម្បីធ្វើការបែងចែកកម្លាំងឱ្យស្របតាមភារកិច្ច។
ទី៣.ស្គាល់ពីសមត្ថភាពរបស់មន្ត្រី៖ ក្តាប់បានពីកម្រិតវប្បធម៌ ជំនាញឯកទេសភាសាបរទេស ជំនាញព័ត៌មានវិទ្យា បទពិសោធនិងប្រវត្តិការងាររបស់មន្ត្រីម្នាក់ៗ។
ទី៤. ពង្រឹងការគ្រប់គ្រងរដ្ឋបាល ៖ ធានាភាពត្រឹមត្រូវ និងស៊ីសង្វាក់គ្នារវាងព័ត៌មានឋានន្តរស័ក្តិ តួនាទី និងឯកសារផ្លូវការ។
ទី៥.ធ្វើទំនើបកម្មការគ្រប់គ្រង៖ បង្កើតប្រព័ន្ធបច្ចុប្បន្នភាពទិន្នន័យមន្ត្រីនគរបាលជាតិ កណ្តាលមួយ (ដែលរក្សាទុក ទាំងរូបថត មេដៃ និងហត្ថលេខា) ប្រើប្រាស់បានជាប្រចាំនិងមានសុវត្ថិភាពខ្ពស់។
ទី៦.ប្រើប្រាស់លទ្ធផល ដើម្បីធ្វើការសម្រេចចិត្ត ៖ យកទិន្នន័យជំរឿនធ្វើជាមូលដ្ឋានសម្រាប់រៀបចំផែនការកម្លាំង ការបណ្តុះបណ្តាល ការចាត់តាំង និងការអភិវឌ្ឍធនធានមនុស្ស ប្រកបដោយប្រសិទ្ធភាព។
មែនទែនទៅ ការយកចិត្តទុកដាក់លើទិន្នន័យមន្រ្តីនគរបាលជាតិ មានតាំងពីដើមទីមកម្លេះ។ ថ្លែងក្នុងឱកាសបើកជំរឿន លោកអភិសន្តិបណ្ឌិត ស សុខា បានព្រលយឱ្យដឹងថា ក្នុងចំណោមមន្ត្រីនគរបាលជាតិទូទាំងប្រទេស នៅនីតីកាលទី៧នេះ ក្រសួងបានពិនិត្យទិន្នន័យបឋម រកឃើញថាមានមន្ត្រីចំនួន ២.៣៣២នាក់ មានទិន្នខុសឆ្គងពីទិន្នន័យដើម។
ការខុសឆ្គងនោះ ត្រូវបានលោកអភិសន្តិបបណ្ឌិត លើកឡើងចំៗ រួមមាន ខុសថ្ងៃខែឆ្នាំកំណើត ចំនួន២.២៨០នាក់ ខុសអក្ខរាវិរុទ្ធឈ្មោះ ចំនួន៤៨នាក់ និងខុសភេទចំនួន៤នាក់ ដោយមិនមែនជាករណីឈ្មោះស្ទួន ឬឈ្មោះខ្មោចនោះទេ។ ប្រមុខក្រសួងមហាផ្ទៃចាត់ទុកទិន្នន័យខុសនេះ ថាជាការបញ្ជាក់ឱ្យឃើញអំពីភាពចាំបាច់នៃការចុះធ្វើជំរឿង។
ត្រង់ចំណុចនេះ ខ្ញុំសូមផ្ដល់ព័ត៌មានជូនថា ក្រសួងមហាផ្ទៃមិនអនុញ្ញាតឱ្យមានការកែតម្រូវថ្ងៃខែឆ្នាំកំណើតជាដាច់ខាត ដោយមន្រ្តីត្រូវយកតាមឯកសារគោលនៃជំរឿនលើកទី៣ ឆ្នាំ២០១០ ប្រកាសតាំងស៊ប់ និងប្រកាសបញ្ចូលក្របខ័ណ្ឌជាគោល ទោះបីជាសាមីខ្លួនមានសាលក្រមកែតម្រូវពីតុលាការក៏ដោយ។
ជាចុងក្រោយ ខ្ញុំសូមចែលរំលែកជូនទៀតថា នៅពេលមកធ្វើជំរឿន សាមីនគរបាលយើង ត្រូវភ្ជាប់មកជាមួយនូវ អត្តសញ្ញាណបណ្ណនគរបាលជាតិ (ច្បាប់ដើម) អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ(ច្បាប់ដើម) និងលិខិតឯកត្តភូត (មុខតំណែង ឋានន្តរសក្តិ)។
សូមអានបន្តិចទៀត! ក្រោយទៅធ្វើជំរឿន មន្រ្តីបានរកឃើញ និងធ្វើកំណត់ហេតុបញ្ជាក់ថា លោកវរសេនីយ៍ត្រី រ៉េន រតនៈ អត្តលេខ៨៨៧៧៥ មានកំហុសទិន្នន័យ គឺ ឯកសារខ្លះ សរសេរ រតនៈ(ត្រូវ) ឯកសារខ្លះ សរសេរ រតនះ(ខុស) សូមពិនិត្យរូបទី៣ ៕
មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ










