លួចម៉ូតូសណ្ដោងរ៉ឺម៉កយកទៅឲ្យគេខ្ចីបាត់ ហ៊ានត្រឡប់មកទីតាំងចាស់បម្រុងលួចម្ដងទៀត ត្រូវនគរបាលស្រាវជ្រាវចាប់វាយខ្នោះ

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនម្នាក់ ត្រូវបានកម្លាំងនគរបាលស្រាវជ្រាវចាប់វាយខ្នោះ ក្រោយពីរូបគេបានធ្វើសកម្មភាពលួចម៉ូតូសណ្ដោងរ៉ឺម៉កយកទៅឲ្យមិត្តភក្ដិខ្ចីបាត់ ហើយថែមទាំងហ៊ានត្រឡប់មកទីតាំងចាស់បម្រុងលួចទ្រព្យសម្បត្តិម្ដងទៀត។ ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី១៧ វិច្ឆិកា ២០២៦ ស្ថិតនៅក្នុងការដ្ឋានសំណង់មួយកន្លែង ក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

 

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ម៉ូតូមាន ឈ្មោះ ស្រី កុសល់ ហៅ ចាប ភេទប្រុស អាយុ៥២ឆ្នាំ មានមុខរបរជាយោធា។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ ប៉ាវ លីថុង ហៅ ម៉ៅ ភេទប្រុស, អាយុ ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។

 

លោកអធិការបន្តថា ចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូសណ្តោងរ៉ឺម៉កខាងលើប្រាកដមែន ដោយជិះយកទៅលេងផ្ទះបងនៅឯចាបយំ ប៉ុន្តែត្រូវបានមិត្តភក្តិម្នាក់ឈ្មោះ តឿ សុំខ្ចីជិះបន្តយកទៅបាត់តែម្ដង ទើប សមត្ថកិច្ចមិនមានវត្ថុតាងដកហូតឡើយ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំ រឿង ដើម្បីបញ្ជូនទៅចាត់ការបន្តតាមនីតិវិធីច្បាប់។

 

ដោយឡែក ចំពោះដំណើររឿងលម្អិតដែលឈានដល់ការចាប់ខ្លួននេះ គឺផ្តើមឡើងកាលពីវេលាម៉ោង១៦និង ០០នាទី រសៀល ថ្ងៃទី២០ តុលា ២០២៦ កន្លងទៅ ដែលពេលនោះជនសង្ស័យបានលួចម៉ូតូសណ្ដោងរ៉ឺម៉កចំនួន ១គ្រឿង ម៉ាក HONDA WAVE ពាក់ផ្លាកលេខ កណ្តាល 1C 9766 ចេញពីការដ្ឋានសំណង់ខាងលើ ហើយជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងនោះទេ។ លុះមកដល់វេលាម៉ោង៤និង០០នាទី ទៀបភ្លឺ ថ្ងៃ ទី១៧ វិច្ឆិកា ២០២៦ ជនសង្ស័យដដែលនេះបានត្រឡប់ចូលមកការដ្ឋានសំណង់នេះម្ដងទៀត ដើម្បីបម្រុងលួចកាត់ខ្សែភ្លើង និងលួចម៉ូតូរបស់មេការជនជាតិវៀតណាមម្នាក់ឈ្មោះ ង្វៀង យ៊ាំងតាំង (ប្រុស, ៦៩ឆ្នាំ) ដែលដេកយាមនៅទីនោះ ប៉ុន្តែត្រូវបានមេការរូបនោះងើបពីដេកទាន់ ធ្វើឲ្យជនសង្ស័យរត់គេចខ្លួន។

 

ក្រោយកើតហេតុនេះភ្លាមៗ ទើបជនរងគ្រោះសម្រេច ចិត្តដាក់ពាក្យបណ្ដឹងផ្លូវការនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ ឈានដល់ការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានតែម្ដង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print