ភ្នំពេញ ៖ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាច្រកចេញចូលតែមួយជូនប្រជាពលរដ្ឋសរុប ២.៩៣៨.៤៦០សេវា ក្នុងនោះ សេវាផ្ដល់ជូនតាមអង្គភាពច្រកចេញចូលតែមួយ រាជធានី-ខេត្ត មាន ៦៣០.៩០៥សេវា ។ នេះតាមបើរបាយការណ៍អគ្គនាយកដ្ឋានរដ្ឋបាលផ្ដល់មកកាន់ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ច្រកចេញចូលតែមួយគឺជាកន្លែងប្រមូលផ្តុំនៃការផ្តល់សេវារដ្ឋបាលលើវិស័យនានានៅកន្លែងតែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល និងឆ្លើយតបទាន់ពេលវេលាទៅ នឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
បច្ចុប្បន្ន អង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត បានផ្ដល់សេវាចំនួន៦៣០.៩០៥ សេវា រួមមាន សេវានីត្យានុកូលកម្ម ឬការបញ្ជាក់លើឯកសារថតចម្លង ការងាររដ្ឋបាល វិស័យសុខាភិបាល វិស័យទេសចរណ៍ វិស័យសាធារណការ និងដឹកជញ្ជូន វិស័យវប្បធម៌ និងវិចិត្រសិល្បៈ វិស័យព័ត៌មាន វិស័យបរិស្ថាន វិស័យឧស្សាហកម្ម និងសិប្បកម្ម វិស័យរ៉ែ និងថាមពល វិស័យពាណិជ្ជកម្ម វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជី។
ចំណែកការិយាល័យច្រកចេញចូលតែមួយថ្នាក់ក្រុង ស្រុក ខណ្ឌ បានផ្ដល់សេវាចំនួន២.៣០៧.៥១០សេវា រួមមាន វិស័យទេសចរណ៍ វិស័យវប្បធម៌ វិស័យពាណិជ្ជកម្ម វិស័យសាធារណការ វិស័យឧស្សាហកម្ម វិស័យសំណង់ វិស័យកសិកម្ម វិស័យសុខាភិបាល វិស័យអប់រំ វិស័យរ៉ែនិងថាមពល វិស័យបរិស្ថាន វិស័យការងារ វិស័យធម្មការនិងសាសនា ការងារអត្រានុកូលដ្ឋាន ការងារនីត្យានុកូលកម្ម ការងាររដ្ឋបាល និងការផ្ទេរសិទ្ធិកាន់កាប់អចលទ្រព្យដែលមិនទាន់ចុះបញ្ជី។
ដើម្បីធានាតម្លាភាពនៃការបម្រើសេវាសាធារណៈច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋត្រូវបានដាក់ឱ្យដំណើរការ ដើម្បីអនុវត្តតួនាទីភារកិច្ច ក្នុងការទទួលពាក្យបណ្តឹងតវ៉ា ពីប្រជាពលរដ្ឋ អំពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងសម្រុះសម្រួលដោះស្រាយពាក្យ បណ្តឹងតវ៉ាទាំងនោះ ។
ពាក្យបណ្តឹងតវ៉ាទាំងនោះ អាចលើកឡើងក្នុងករណីណាមួយ មានជាអាទិ៍ ការសំរេចចិត្ត ឬអាកប្បកិរិយាដែលផ្ទុយនឹងគោលការណ៍ច្បាប់ ការបដិសេធ ឬការស្ទាក់ស្ទើរក្នុងការទទួលយកពាក្យស្នើសុំត្រឹមត្រូវតាមច្បាប់របស់ប្រជាពលរដ្ឋ មិនបានផ្តល់លទ្ធផល ឬដំណោះស្រាយសមស្របតាមពេលវេលាមួយដែលបានកំណត់ និងមានឥរិយាបថមិនអាចទទួលយកបានដូចជាការបំភិតបំភ័យ ឬការប្រមាថ មាក់ងាយដល់ប្រជាពលរដ្ឋ ឬតំណាងសហគ្រាសនានា ។
សម្រាប់ការិយាល័យប្រជាពល ក្នុងរយៈពេល៩ខែដូចគ្នា ការិយាល័យប្រជាពលរដ្ឋ ថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទទួលពាក្យបណ្ដឹងពាក់ព័ន្ធដែនសមត្ថកិច្ចរដ្ឋបាលនីមួយៗ ចំនួន៤៥៨បណ្ដឹង។ បណ្ដឹងទាំងនេះត្រូវបានដោះស្រាយបាន៤៣៩បណ្ដឹង ស្មើនឹង៩៦ភាគរយ ក្នុងនោះនៅការិយាល័យប្រជាពលរដ្ឋរាជធានី ខេត្ត មាន៣២១បណ្ដឹង ដោះស្រាយបាន៣១១បណ្ដឹង ស្មើនឹង៩៧ភាគរយ៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្ត្រីអ្នកនាំពាក្យក្រសួងមហាផ្ទៃ










