ខេត្តកំពង់ស្ពឺ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ នៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានសហការជាមួយតំណាងសាលាអនុវិទ្យាល័យទីរួមខេត្ត ហៅសិស្សសាលាចំនួន ១០នាក់ និងអាណាព្យាបាល មកធ្វើកិច្ចសន្យា និងលិខិតធានា ដើម្បីយកទៅអប់រំបន្តនៅផ្ទះ ក្រោយទទួលបានព័ត៌មានថា សិស្សទាំងនោះពាក់ឯកសណ្ឋានសិស្សចេញមកលេងបាល់ និងបុកប៊ីយ៉ែនៅម៉ោងសិក្សា។
សកម្មភាពនេះធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បន្ទាប់ពីម្ចាស់តារាងបាល់ទះយីហោ «មង្គលអមតៈ» ស្ថិតក្នុងភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានរាយការណ៍ថា មានសិស្សសាលាពាក់ឯកសណ្ឋានចូលមកលេងកីឡា និងបុកប៊ីយ៉ែនៅក្នុងម៉ោងសិក្សា។
ក្រោយទទួលព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ទោ យ័ន្ត សង្ហា អធិការនគរបាលក្រុងច្បារមន ដោយមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឃឹម សុខខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយលោក ជួន វុទ្ធី នាយករងសាលាអនុវិទ្យាល័យទីរួមខេត្ត ហៅសិស្សប្រុសទាំង ១០នាក់ និងអាណាព្យាបាល មកកាន់ប៉ុស្តិ៍នគរបាល ដើម្បីធ្វើកិច្ច សន្យា និងលិខិតធានា យកទៅអប់រំណែនាំបន្តនៅតាមផ្ទះ៕










