អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Mata ប្រកាសចូលនិវត្តន៍ក្នុងវ័យ ៣៨ ឆ្នាំ

ចែករំលែក៖

អតីតខ្សែបម្រើក្រុមជម្រើសជាតិអេស្ប៉ាញ Juan Mata បានប្រកាសចូលនិវត្តន៍ពីការប្រកួតបាល់ទាត់ក្នុងវ័យ ៣៨ ឆ្នាំ។

Mata ដែលបានបង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិចំនួន ៤១ លើក គឺជាផ្នែកមួយនៃក្រុមអេស្ប៉ាញដែលបានឈ្នះពាន World Cup ឆ្នាំ ២០១០ ហើយរូបគេក៏បានជួយប្រទេសរបស់ខ្លួនឈ្នះពាន European Championship ពីរឆ្នាំក្រោយមក នៅពេលដែលរូបគេរកបានគ្រាប់បាល់ក្នុងជ័យជម្នះ ៤-០ វគ្គផ្តាច់ព្រ័ត្រតទល់នឹងអ៊ីតាលី។

ជាអតីតកីឡាករយុវជនរបស់ Real Madrid រូបគេបានចូលរួមជាមួយ Valencia ក្នុងឆ្នាំ ២០០៧ មុនពេលផ្លាស់ទៅកាន់ Chelsea ក្នុងខែសីហា ឆ្នាំ ២០១១ ដែលនៅទីនោះរូបគេបានឈ្នះពាន Champions League, Europa League និង FA Cup។

Mata បានផ្លាស់ទៅកាន់ Manchester United ក្នុងខែមករា ឆ្នាំ ២០១៤ ហើយបានជួយពួកគេឈ្នះពាន Europa League, FA Cup និង League Cup មុនពេលចាកចេញក្នុងឆ្នាំ ២០២២។

បន្ទាប់មក រូបគេបានបន្តលេងឱ្យក្រុមទួរគី Galatasaray និង Vissel Kobe នៅជប៉ុន មុនពេលលេងឱ្យក្រុមអូស្ត្រាលី Western Sydney Wanderers និង Melbourne Victory។

Mata បានថ្លែងថា៖ «បាល់ទាត់នឹងមិនដែលចាកចេញពីជីវិតរបស់ខ្ញុំឡើយ។ មានវិធីជាច្រើនដើម្បីបន្តស្រឡាញ់កីឡានេះ មានវិធីជាច្រើនដើម្បីបន្តប្រើប្រាស់វាជាមធ្យោបាយសម្រាប់ការអភិវឌ្ឍ។ ខ្ញុំអាចបញ្ឈប់ការលេងជាអាជីព ប៉ុន្តែខ្ញុំនឹងមិនដែលឈប់ធ្វើជាកីឡាករបាល់ទាត់ឡើយ»។

Mata ត្រូវបានជ្រើសរើសជាកីឡាករប្រចាំឆ្នាំរបស់ Chelsea ក្នុងរដូវកាលពេញលេញទាំងពីរដែលរូបគេនៅ Stamford Bridge។ រូបគេបានបង្ហាញខ្លួនក្នុងលីគចំនួន ៨២ លើកឱ្យក្លិប ដោយរកបាន ១៨ គ្រាប់។

Chelsea បានបង្ហោះនៅលើបណ្តាញសង្គមថា៖ «ពិតជាកីឡាករដ៏អស្ចារ្យម្នាក់»។

នៅ Manchester United រូបគេរកបាន ៥១ គ្រាប់ ក្នុងការបង្ហាញខ្លួន ២៨៥ លើក មុនពេលចាកចេញបន្ទាប់ពីកិច្ចសន្យារបស់គេផុតកំណត់។

...

សេចក្តីថ្លែងការណ៍របស់ United បានលើកឡើងថា៖ «សូមអបអរសាទរចំពោះអាជីពដ៏អស្ចារ្យ Juan! គ្រប់គ្នានៅ United សូមជូនពរអ្នកឱ្យជួបតែសំណាងល្អក្នុងជំហានបន្ទាប់របស់អ្នក»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print