សហព័ន្ធបាល់ទាត់អេក្វាឌ័រ ពិន័យកីឡាករម្នាក់មិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល ៨ឆ្នាំ ក្រោយគប់ដុំថ្មត្រូវជំនួយការអាជ្ញាកណ្ដាល

ចែករំលែក៖

សហព័ន្ធបាល់ទាត់អេក្វាឌ័រ (FEF) បានសម្រេចដាក់បម្រាមរយៈពេល ៨ឆ្នាំ លើកីឡាករ Jhon Perlaza បន្ទាប់ពីរូបគេបានគប់ដុំថ្មទៅលើទីលាន ហើយត្រូវចំជំនួយការអាជ្ញាកណ្ដាលម្នាក់ អំឡុងការប្រកួតបាល់ទាត់លីគលំដាប់ទី៣ កាលពីខែមុន។

 

ហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងនៅនាទីទី៩៦ ក្នុងការប្រកួតរវាងក្រុម Club Ciudad de Yantzaza ដែលជាក្រុមរបស់ Perlaza និងក្រុម Club Rio Aguarico FC កាលពីថ្ងៃទី១៧ ខែតុលា។ ការប្រកួតត្រូវបានបញ្ឈប់មុនពេលបញ្ចប់ បន្ទាប់ពីជំនួយការអាជ្ញាកណ្ដាលឈ្មោះ Lenin Giovanni Ojeda Nunez ត្រូវបានដុំថ្មគប់ចំ។

 

យោងតាមសេចក្តីថ្លែងការណ៍របស់សហព័ន្ធបាល់ទាត់អេក្វាឌ័រ កាលពីថ្ងៃពុធ បានឱ្យដឹងថា៖ «ជំនួយការអាជ្ញាកណ្ដាលបានរងរបួសធ្ងន់ធ្ងរ ដែលតម្រូវឱ្យធ្វើការវះកាត់ និងចំណាយពេលប្រមាណ ៦០ថ្ងៃ ដើម្បីសម្រាកព្យាបាល និងជាសះស្បើយ»។

 

សហព័ន្ធបានបន្តថា៖ «គណៈកម្មការវិន័យបានរកឃើញថា កីឡាកររូបនេះមានទោសពីបទប្រើអំពើហិង្សាលើមន្ត្រីការប្រកួត។ ដូច្នេះ គណៈកម្មការបានសម្រេចដាក់បម្រាមរយៈពេល ៨ឆ្នាំ ដោយហាមឃាត់រូបគេពីសកម្មភាពទាំងអស់ដែលពាក់ព័ន្ធនឹងវិស័យបាល់ទាត់ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០៣៤»។

 

មិនត្រឹមតែប៉ុណ្ណោះ សហព័ន្ធបាល់ទាត់អេក្វាឌ័រក៏នឹងស្នើសុំទៅសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ឱ្យពង្រីកវិសាលភាពនៃការដាក់ទណ្ឌកម្មនេះឱ្យមានប្រសិទ្ធភាពទូទាំងពិភពលោកផងដែរ។

 

ក្រៅពីការពិន័យលើកីឡាករ ក្លិប Yantzaza ក៏ត្រូវបង់ប្រាក់ពិន័យចំនួន ២.០០០ដុល្លារអាមេរិក និងសងថ្លៃព្យាបាលរបួសជូនជំនួយការអាជ្ញាកណ្ដាលចំនួន ៤.៣៦៩,៧៣ដុល្លារអាមេរិកបន្ថែមទៀត។

 

ជុំវិញហេតុការណ៍នេះ ក្លិប Yantzaza ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍សុំទោសដល់ក្រុមអាជ្ញាកណ្ដាល និងអ្នកគាំទ្រ កាលពីថ្ងៃទី២០ ខែតុលា ផងដែរ។

 

ក្លិបបានបញ្ជាក់ថា៖ «ក្នុងនាមជាស្ថាប័នមួយ យើងសូមបដិសេធយ៉ាងដាច់ខាតចំពោះរាល់សកម្មភាពហិង្សា មិនថាជាពាក្យសម្ដី ឬការប្រើកម្លាំងកាយនោះទេ ទាំងនៅក្នុង និងក្រៅទីលានកីឡា។ យើងជឿជាក់យ៉ាងមុតមាំថា បាល់ទាត់គួរតែជាកន្លែងដែលពោរពេញទៅដោយការគោរព ការរស់នៅជាមួយគ្នាដោយសុខដុមរមនា និងស្មារតីលេងដោយយុត្តិធម៌»។

 

ក្លិបបានបន្ថែមថា៖ «បន្ទាប់ពីកំណត់អត្តសញ្ញាណអ្នកទទួលខុសត្រូវចំពោះហេតុការណ៍ដ៏គួរឱ្យសោកស្ដាយនេះបានហើយ ក្លិបបានសម្រេចដករូបគេចេញពីក្លិបភ្លាមៗ ហើយចាប់ពីពេលនោះមក រូបគេលែងជាសមាជិករបស់យើងទៀតហើយ»។

...

 

ការដាក់ទណ្ឌកម្មរយៈពេល ៨ឆ្នាំនេះ គឺជាវិធានការដ៏តឹងរ៉ឹងមួយប្រឆាំងនឹងអំពើហិង្សាក្នុងវិស័យបាល់ទាត់ ដោយបង្ហាញពីការប្តេជ្ញាចិត្តក្នុងការការពារសុវត្ថិភាពមន្ត្រីអាជ្ញាកណ្ដាល និងរក្សាស្មារតីកីឡាឱ្យមានភាពយុត្តិធម៌៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print