សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ៖ សូមរួមគ្នាលើកកម្ពស់ការប្រើប្រាស់សេរីភាពបញ្ចេញមតិ ដោយភាពថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក និងការលើកតម្កើងសីលធម៌សង្គម

ចែករំលែក៖

ភ្នំពេញ ៖ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ចេញសេចក្តីអំពាវនាវ សូមរួមគ្នាលើកកម្ពស់ការប្រើប្រាស់សេរីភាពបញ្ចេញមតិ ដោយភាពថ្លៃថ្នូរ ការគោរពគ្នាទៅវិញទៅមក និងការលើកតម្កើងសីលធម៌សង្គម ។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានតាមដានដោយយកចិត្តទុកដាក់រាល់ការផ្សព្វផ្សាយ និងការបញ្ចេញមតិនៅលើបណ្តាញសង្គមគ្រប់ទម្រង់ រួមទាំងនៅលើបណ្តាញព័ត៌មានឌីជីថលនិងអនឡាញ។ ក្នុងរយៈពេលចុងក្រោយនេះ យើងកត់សម្គាល់ឃើញការកើតមានឡើងកាន់តែញឹកញាប់នូវឥរិយាបថមិនគួរគប្បី ក្នុងនោះរួមមានការវាយប្រហារលើបុគ្គល ការប្រើប្រាស់ពាក្យសម្តីអសុរោះ ការជេរប្រមាថ ដែលធ្វើឱ្យការឈឺចាប់ មានវិសាលភាពធំ។ ក្នុងសម័យកាលទំនើប ការបញ្ចេញមតិនៅលើបណ្តាញសង្គម ស្ទើរតែមិនអាចចាត់ទុក ត្រឹមជាទស្សនៈបុគ្គលទៀតឡើយ ប៉ុន្តែវាបានរីករាលដាលយ៉ាងលឿនទៅគ្រប់ទិសទី ហើយអ្វីដែលគួរបារម្ភ នោះគឺវប្បធម៌មិនថ្លៃថ្នូរ។ នេះជាអ្វីដែលយើងមានការសោកស្តាយនិងមានក្តីបារម្ភចំពោះការបញ្ចេញមតិបែបនេះ ដែលកំពុងធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ជាពិសេសគឺប៉ះពាល់ដល់ផ្នត់គំនិតកុមារ ផ្នត់គំនិតយុវជន និងធ្វើឱ្យ ប៉ះពាល់ដល់តម្លៃរួមរបស់សង្គមខ្មែរ គឺជាខ្មែរអ្នកសាងអង្គរ ធ្លាប់មានអារ្យធម៌ដ៏រុងរឿងនៅអាស៊ីអាគ្នេយ៍។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា គាំទ្រសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ប៉ុន្តែសេរីភាពនោះក៏ ត្រូវតែផ្សារភ្ជាប់សីលធម៌ សុជីវធម៌ និងភាពទទួលខុសត្រូវ។ ជាមួយគ្នា ការបញ្ចេញមតិមិនគួរត្រូវបានប្រើប្រាស់ ជាមធ្យោបាយបន្ទាបបន្តោកអ្នកដទៃ ឬធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋដូចគ្នាឡើយ។ ការប្រតិកម្ម ដោយអារម្មណ៍និងកំហឹង ការខ្វះហេតុផល ការមិនចេះអត់ឱនក្នុងការសន្ទនា នោះផលវិបាកមិនមែនកើតឡើង ចំពោះតែបុគ្គលនិងបុគ្គលប៉ុណ្ណោះទេ តែវាបង្កើតឱ្យមានបរិយាកាសអាប់អួរ អរិភាពរីកធំឡើង ហើយវាធ្វើ ឱ្យទំនុកចិត្តចុះខ្សោយ សីលធម៌ធ្លាក់ចុះ និងបំផ្លាញតម្លៃសង្គមដ៏ល្អផូរផង់តែម្តង។

សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា សូមអំពាវនាវដល់ទាំងអស់គ្នា សូមឱ្យប្រើប្រាស់ការនិយាយស្តី ដែលបង្កើនវប្បធម៌គោរពគ្នា ជាពន្លឺរួមចំណែកដល់ការដោះស្រាយវិញ្ញាសារសំខាន់ៗរបស់ជាតិយើង និង ដើម្បីផលប្រយោជន៍រួម។ ពាក្យសម្តីរបស់យើងគួរតែជាស្ពានតភ្ជាប់គ្នា មិនគួរប្រែក្លាយទៅជាជញ្ជាំងខ័ណ្ឌ ចែកគ្នានោះទេ។ សូមចងចាំថា ភាពក្រអឺតក្រទមធ្វើឱ្យអ្នកឯកោ នោះភាពទន់ខ្សោយ ក៏ធ្វើឱ្យអ្នកឯកោដែរ។ ដូច្នេះ មានតែការស្តាប់គ្នា និងការយកហេតុផលមកពីចារណា នោះទើបធ្វើឱ្យសហគមន៍របស់យើងអាចរួមគ្នា បំពេញឱ្យគ្នា រឹងមាំ ហើយជាលទ្ធផលប្រទេសជាតិយើងក៏ខ្លាំងពូកែទៅបាន។ ផ្ទុយទៅវិញ ភាពខ្លាំងជាបុគ្គល ដែលមិនអាចរកការរួមគ្នាបាន គឺវាមិនខុសអ្វីពីចង្កឹះតែមួយដើម ដែលគេអាចកាច់បំបាក់ដោយងាយនោះទេ។ ដូច្នេះ សីលធម៌ សុជីវធម៌ ការអត់ឱន ការគោរពច្បាប់ និងស្មារតីសាមគ្គី នោះទើបជាស្នូលចាំបាច់សម្រាប់ វឌ្ឍនភាព អនាគត និងការរះឡើងរបស់ប្រទេសកម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print