ខេត្តបន្ទាយមានជ័យ៖ ពលរដ្ឋខ្មែរចំនួន ៧១នាក់ ក្នុងនោះមានស្ត្រី ៣០នាក់ និងកុមារ ៨នាក់ ត្រូវបានអាជ្ញាធរកម្ពុជាសម្រួលទទួល និងដឹកជញ្ជូនចូលមកប្រទេសវិញ បន្ទាប់ពីអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាតាមស្ពានមិត្តភាពកម្ពុជា-ថៃ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។
ការទទួលពលរដ្ឋខ្មែរទាំងនេះ ធ្វើឡើងដោយមន្ត្រីនគរបាលអន្តោប្រវេសន៍ ក្រោមការដឹកនាំរបស់លោកវរសេនីយ៍ឯក ហេង សុវណ្ណ នាយប៉ុស្តិ៍ស្តីទី ដោយអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្នុងពេលទទួលពលរដ្ឋទាំង ៧១នាក់ មន្ត្រីបានរៀបចំចែកអាហារសម្រន់ រួមមានបាយ និងទឹកសុទ្ធជូនដល់ពួកគាត់គ្រប់ៗគ្នា ដើម្បីសម្រួលដល់ការហូបចុក។ ទន្ទឹមនឹងនេះ មន្ត្រីក៏បានធ្វើការសម្រង់សាវតា និងកត់ត្រាព័ត៌មានរបស់ពលរដ្ឋទាំងអស់ ដើម្បីតម្កល់ទុកនៅអង្គភាព។
ក្រោយបញ្ចប់ការងារទទួល និងសម្រង់ព័ត៌មាន មន្ត្រីនគរបាលអន្តោប្រវេសន៍បានជួយដឹកជញ្ជូនពលរដ្ឋខ្មែរទាំង ៧១នាក់ ទៅប្រគល់ជូនមន្ត្រីនៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីបន្តអនុវត្តនីតិវិធីពាក់ព័ន្ធ ។ ការសម្របសម្រួលនេះធ្វើឡើងដើម្បីធានាឱ្យដំណើរការទទួលពលរដ្ឋដែលត្រូវបានបញ្ជូនត្រឡប់ពីប្រទេសថៃ មានការរៀបចំ និងបន្តនីតិវិធីតាមរយៈអង្គភាពជំនាញពាក់ព័ន្ធ៕ជ្រោយពេជ្រ










