ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅអំឡុងទ្វារព្រំដែនជាមួយថៃបិទ សូមផលិតករទាំងអស់ត្រូវពង្រឹងគុណភាពឱ្យកាន់តែប្រសើរ លក់ក្នុងតម្លៃសមរម្យ និងត្រូវបង្កើនការភ្ជាប់ទំនាក់ទំនងជាមួយធុរជននានា ដើម្បីបង្ការនៅពេលថៃបើកព្រំដែននៅថ្ងៃណាមួយ ផលិតផលក្នុងប្រទេសយើងនៅតែរឹងមាំ និងរក្សាបានកំណើននៃការនាំចេញជាដដែល ដោយមិនចាំបាច់ពឹងផ្អែកលើផលិតផល ឬវត្ថុធាតុដើមមកពីថៃ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរ លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បន្ថែមថា កម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅក្នុងឆ្នាំ២០២៩ ដែលការផ្លាស់ប្ដូរឋានៈនេះ គឺជាវឌ្ឍនភាពនៃការអភិវឌ្ឍប្រទេស ប៉ុន្តែក៏ទាមទារឱ្យសេដ្ឋកិច្ច និងរោងចក្រសហគ្រាសរបស់យើង ត្រូវមានសមត្ថភាពប្រកួតប្រជែងកាន់តែរឹងមាំ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលនៃលក្ខខណ្ឌពាណិជ្ជកម្ម និងការអនុគ្រោះអន្តរជាតិ។ ដូច្នេះការកែលម្អគុណភាពផលិតផល ការពង្រឹងផលិតភាពផលិតកម្ម ការបង្កើតផលិតភាពការងារ ការចាប់យកបច្ចេកវិទ្យាថ្មីៗ ការពង្រីកទីផ្សារជាការដ្ឋានកែទម្រង់អាទិភាពរបស់រោងចក្រសហគ្រាសចាប់ពីពេលនេះតទៅ៕
ដោយ ៖ សិលា













