ភ្នំពេញ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមជាមួយអាជ្ញាធរក្នុងការវេចខ្ចប់ និងញែកសំរាមឱ្យបានត្រឹមត្រូវតាមសេចក្តីណែនាំ ដោយត្រូវបញ្ចេញសំរាមឱ្យបានទៀងទាត់តាមម៉ោងពេលកំណត់ ជៀសវាងការបោះចោលផ្តេសផ្តាសតាមដងផ្លូវ ឬប្រឡាយ-លូ ព្រមទាំងចូលរួមបង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា។
លោកបានអំពាវនាវបែបនេះ ខណៈលោកអញ្ជើញម តំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលរួមក្នុងកម្មវិធីទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» នៅសួនច្បារតេជោមាស តេជោយ៉ត មុខវត្តឧណ្ណាលោម ក្នុងខណ្ឌដូនពេញ. នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ។
លោក ហួត ហៃ បានលើកឡើងថា បច្ចុប្បន្ន រាជធានីភ្នំពេញមានសោភ័ណភាពស្រស់បំព្រង បរិស្ថានល្អ និងមានសន្តិសុខ សុវត្ថិភាពខ្ពស់។ ជាក់ស្តែង ក្នុងអំឡុង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជាកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗលើពិភពលោក បានឆ្លៀតដើរកម្សាន្តតាមតំបន់នានាក្នុងរាជធានី ជាពិសេសនៅផ្លូវថ្មើរជើងចតុមុខ ដោយក្តីទុកចិត្ត និងមិនមានការព្រួយបារម្ភពីបញ្ហាសន្តិសុខឡើយ។ សមិទ្ធផលនៃការរក្សាសន្តិសុខ និងអនាម័យបរិស្ថាននេះ ក៏ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាផងដែរ។
លោកបន្ដថា ទិវាអនាម័យបរិស្ថានជាតិនេះ រៀបចំឡើងដើម្បីលើកកម្ពស់ការអប់រំ ផ្សព្វផ្សាយ និងបំផុសចលនាដល់ប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងសិស្ស-និស្សិត ឱ្យចូលរួមធ្វើអនាម័យកែលម្អសោភ័ណ ភាពគ្រប់ទីកន្លែង រាប់ចាប់ពីភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស រហូតដល់ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច។
ទន្ទឹមនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការពង្រីកសួនច្បារបៃតង រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើកំណែទម្រង់ស៊ីជម្រៅលើការគ្រប់ គ្រងសំណល់រឹង ដោយបានជ្រើសរើសក្រុមហ៊ុនចំនួន ៣ ឱ្យទទួលខុសត្រូវលើការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមយកទៅទីលានទុកដាក់ ក្នុងគោលដៅបណ្តុះស្មារតីស្រ ឡាញ់បរិស្ថានដល់ពលរដ្ឋគ្រប់រូប និងប្រែក្លាយភ្នំពេញឱ្យក្លាយជាទីក្រុងគ្មានសំរាមរាយប៉ាយ ស័ក្តិសមជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា៕















