ខេត្តស្វាយរៀង៖ សាលាដំបូងខេត្តស្វាយរៀង ចេញដីកា សម្រេចអោយឃុំខ្លួន ជនដែលត្រូវចោទ៤នាក់បណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង ករណីជួញដូរ រក្សាទុក ប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅក្រុងស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបានអោយដឹង នារសៀល ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៦នេះថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ មកសមត្ថកិច្ចថា នៅត្រង់ចំណុចភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង មានមុខសញ្ញាសង្ស័យកំពុង ធ្វើសកម្មភាពជួញដូរគ្រឿងញៀនខុសច្បាប់។
ក្រោយពីទទួលបានព័ត៌មានរួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយរៀង ធ្វើការស្រាវជ្រាវ ព្រមទាំងឃាត់ខ្លួនបានមុខសញ្ញាសង្ស័យជាបន្តបន្ទាប់ចំនួន ០៤នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងសារធាតុញៀនសរុបរួមមានម៉្សៅក្រាមឮពណ៌សថ្លាសង្ស័យថាថ្នាំញៀនចំនួន ២១កញ្ចប់ ( ធំ០៣កញ្ចប់)
ទូរសព្ទដៃ ចំនួន០៣ គ្រឿង ម៉ូតូចំនួន០២គ្រឿងជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន០២គ្រឿង ឧបករណ៍ប្រើប្រាស់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួន ។
ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ចំពោះជនសង្ស័យ រួមទាំងវត្ថុតាង បានកសាងសងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ដោយបច្ចុប្បន្ន ត្រូវបានសាលាដំបូងខេត្រចេញដីកា សម្រេចអោយឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្តស្វាយរៀង រួចហើយ៕
ដោយ៖ សុថាន










