ខេត្តកំពង់ឆ្នាំង៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ត្រីក្នុងទន្លេសាបចាប់ផ្តើមសម្បូរ ធ្វើឱ្យប្រជានេសាទចាប់ត្រីបានច្រើន ខណៈតម្លៃត្រីនៅតាមទីផ្សារនានាក្នុងខេត្តកំពង់ឆ្នាំងក៏មានការធ្លាក់ចុះផងដែរ។ ជាពិសេស ត្រីនៅឆ្នាំនេះមានច្រើន និងទំហំធំជាងឆ្នាំមុន។
លោក តាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នៅដើមខ្នើតទី១នេះ ត្រីចាប់ផ្តើមត្រូវចាប់ពីថ្ងៃ៨កើត ខែកត្តិក ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។ ត្រីដែលចាប់បានភាគច្រើនមានដូចជា ត្រីច្រកែង និងត្រីឆ្កោក។ លោកបញ្ជាក់ថា ចំពោះត្រីសម្រាប់ធ្វើប្រហុក នៅមិនទាន់សម្បូរខ្លាំងនៅឡើយទេ។
លោក តាត សីហាក់ បានឱ្យដឹងទៀតថា នៅពេលត្រីសម្បូរ តម្លៃត្រីក៏មានការធ្លាក់ចុះផងដែរ។ ជាក់ស្តែង គិតត្រឹមថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ តម្លៃត្រីនៅលើទីផ្សារមានដូចជា៖ ត្រីឆ្កោកប្រភេទលេខ១ តម្លៃ ១៨.០០០ រៀល ក្នុង១គីឡូក្រាម, ត្រីកេះ ២៥.០០០រៀល, ត្រីក្លាំងហាយ ១៣.០០០រៀល, ត្រីក្រពាត់ ១៥.០០០រៀល, ត្រីរ៉ស់ ៦.០០០រៀល, ត្រីឌៀប ៦.០០០រៀល, ត្រីព្រួល ២០.០០០រៀល, ត្រីគ្រំ ២៥.០០០រៀល, ត្រីច្រកែង ៣.៥០០រៀល និងត្រីឆ្ពិន ៣.៥០០រៀល ក្នុង១គីឡូក្រាម៕
ដោយ៖ សុរិយា










