ភ្នំពេញ៖បរិយាកាសនៅតាមតំបន់កម្សាន្តសំខាន់ៗ ក្នុងរាជធានីភ្នំពេញ នាយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានប្រព្រឹត្តទៅយ៉ាងអធិកអធម និងពោរពេញដោយភាពសប្បាយរីករាយ ដោយមានភ្ញៀវទេសចរជាតិប្រមាណ ២០ម៉ឺននាក់ និងភ្ញៀវទេសចរបរទេសជាង ៥ពាន់នាក់ បានអញ្ជើញមកដើរកម្សាន្តយ៉ាងច្រើនកុះករ។
យោងតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ បានឱ្យដឹងថា កំណើនភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់នេះ បានប្រមូលផ្តុំដើរកម្សាន្តនៅតាមគោលដៅទាក់ទាញសំខាន់ៗជាច្រើន រួមមាន តំបន់ផ្លូវថ្មើរជើងចតុមុខ រមណីយដ្ឋានវត្តភ្នំ សួនច្បារមុខព្រះបរម រាជវាំង សួនច្បារវិមានឯករាជ្យ ព្រមទាំងទីតាំងកម្សាន្ត និងកន្លែងរៀបចំកម្មវិធីសប្បាយភាពជាច្រើនទៀតនៅទូទាំងរាជធានី។
វត្តមានដ៏ច្រើនកុះកររបស់ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិនាពេលរាត្រីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីភាពសុខសាន្ត សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរ ក្រោមការយកចិត្តទុកដាក់រៀបចំតុបតែងលម្អភ្លើងពណ៌ ការរក្សាសន្តិសុខ និងការសម្រួលចរាចរណ៍យ៉ាងហ្មត់ចត់ពីសំណាក់អាជ្ញាធររាជធា នីភ្នំពេញ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដើម្បីផ្តល់ភាពកក់ក្តៅជូនដល់មហាជនដែលមកចូលរួមអបអរ សាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិដ៏ធំមួយនេះ។
លោកស្រី បានឱ្យដឹងដែរថា នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ត្រូវនឹងថ្ងៃអុំទូកទី១កាលពីម្សិលមិញ មានប្រជា ពលរដ្ឋមកដើរលេងកម្សាន្តនៅតំបន់ព្រះបរមរាជវាំង និងផ្លូវថ្មើរជើងចតុមុខប្រមាណចំនួន ១៥៩,០០០នាក់ ក្នុងនោះបរទេសចំនួន ៤,០០០នាក់។ សម្រាប់យប់ថ្ងៃទី២នេះដែរ នៅម៉ោង២៤យប់ថ្ងៃទី២៤ វិច្ឆិកានេះ គឺមានអុជកាំជ្រួចអបអរ សាទរពិធីសំពះព្រះខែ និងអកអំបុកផងដែរ៕
ដោយ សំរិត










