ខេត្តបន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៤:៣០ នាទីទាបភ្លឺ ថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសង្កែ ៤ នាក់ ដឹកនាំដោយលោកវរសេនីយ៍ទោ ចាប មករា មេបញ្ជាការរងទទួលដឹកនាំការងារប៉ុស្ដិ៍ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោក វរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥ និងមានការចូលរួមសហការពីកងកម្លាំងស្ថាប័នពាក់ព័ន្ធក្នុងស្រុកម៉ាឡៃ បានចុះប្រតិបត្តិការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ ចំនួន ០៤ នាក់ (ស្រី ០១ នាក់ និងកុមារ ០១ នាក់) មកពីខេត្តសៀមរាប ដែលបម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ រួមទាំងម៉ូតូ ០១ គ្រឿង (សង្ស័យជាមធ្យោបាយដឹកជញ្ជូនរបស់ជនខិលខូច)។
ប្រតិបត្តិការទប់ស្កាត់នេះធ្វើឡើងនៅត្រង់ចំណុចភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ស្ថិតក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ប៉ុស្តិ៍នគរបាលការពារព្រំដែនគោកសង្កែ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៥។
បច្ចុប្បន្ន ករណីខាងលើត្រូវបានប្រគល់បន្តទៅឱ្យអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕










