ខេត្តបាត់ដំបង÷ នៅរសៀលថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០២៦ នេះសមត្ថកិច្ចនគរបាល បានបញ្ជូនជនដៃដល់ក្នុង ករណីឃាតកម្ម ដែលបានកើតឡើងកាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងហើយបន្ទាប់ពីបានឃាត់ខ្លួន សាកសួរ និងរៀបចំសំណុំរឿងរួចរាល់។
គួរបញ្ជាក់ជូនថា កាលពីថ្ងៃទី ២៤ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោងប្រមាណ ១៥:០០ នាទីរសៀល នៅចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ ដំបង មានករណីឃាតកម្មបាញ់សម្លាប់បណ្ដាលឱ្យស្ត្រី ០២ នាក់ បាត់បង់ជីវិតនៅនឹងកន្លែង រួមមានឈ្មោះ ប៊ុនណា សុគន្ធី ភេទ ស្រី អាយុ៣៦ ឆ្នាំ ( ត្រូវជាប្រពន្ធជនបង្ក ) និងឈ្មោះ នេត ដានី ភេទ ស្រី អាយុ ៣៥ ឆ្នាំ ( ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនបង្ក)ពេលធ្វើសកម្មភាពរួចជនបង្កបានបើករថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុ។
ទទួលបានព័ត៌មាននេះស្របតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងដោយមានការសម្របសម្រួលលើនីតិវិធីពី លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំកម្លាំងអន្តរាគមន៍បង្ការបង្ក្រាបមាន នាយការិយាល័យក្នុងផែន ព្រមទាំងកម្លាំងនគរបាលទាំង១៤ក្រុង ស្រុក ចេញធ្វើសកម្មភាពភ្លាមៗរហូតឃាត់ខ្លួនជនបង្កបាននៅស្រុកកំរៀងខេត្តបាត់ដំបង នាវេលាម៉ោង ១៦និង៤០ នាទីថ្ងៃដែលនោះគឺឈ្មោះ ឈុន ពៅ ហៅអូន ភេទ ប្រុស អាយុ៥១ ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានសារភាពថា ខ្លួនគេពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរងគ្រោះទាំង ០២នាក់ប្រាកដមែន ដោយផ្ដើមចេញពីភ្លើងប្រចណ្ឌរវាងប្រពន្ធខ្លួននិងបុរសម្នាក់ និងមានកំហឹងជាមួយស្រ្តីជាមិត្តភក្តិប្រពន្ធផងក៏បាញ់មិត្តភក្តិប្រពន្ធមុន ដោយយល់ថានារីរងគ្រោះរូបនេះតែងតែបង្ខំឱ្យប្រពន្ធរបស់ខ្លួនលែងលះ និងបំបែក បំបាក់គ្រួសារបន្ទាប់មកទើបបាញ់ប្រពន្ធខ្លួនជាក្រោយ មុនពេលបើក រថយន្តគេចខ្លួនហើយចំពោះអាវុធខ្លីដែលធ្វើសកម្មភាពនេះគេប្រាប់ថាបានទិញពីប្រទេសថៃយូរដែរហើយ ។
ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានដក ហូតវត្ថុតាងរួមមាន៖
– អាវុធខ្លី ០១ដើម ម៉ាក SIG SAU ER P365 ពណ៌ខ្មៅ បង់០២ និងគ្រាប់ ១៥គ្រាប់ ព្រមទាំងរថយន្ត០១គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០២ ផ្លាកលេខ ភ្នំពេញ 2K-4545៕
ដោយ៖ សុរិយា










