ខ្សែប្រយុទ្ធ Dominic Calvert-Lewin បានចុះកិច្ចសន្យាថ្មីជាមួយក្លិប Leeds United ដោយបន្តស្នាក់នៅក្លិបរហូតដល់ឆ្នាំ២០២៩។
អតីតខ្សែប្រយុទ្ធក្លិប Everton វ័យ ២៩ឆ្នាំរូបនេះ រកបាន ៥គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ១លើក ក្នុងការប្រកួតក្របខ័ណ្ឌ Premier League រដូវកាលនេះ ខណៈក្រុមរបស់លោក Daniel Farke កំពុងឈរនៅចំណាត់ថ្នាក់លេខ១១ ក្នុងតារាង។
ការប្រកាសបន្តកិច្ចសន្យានេះ បានធ្វើឡើងបន្ទាប់ពីមានការរំពឹងទុកជាច្រើនអំពីអនាគតរបស់ខ្សែប្រយុទ្ធរូបនេះនៅ Leeds United ដោយសារមានសេចក្តីរាយការណ៍ថា ក្លិប Manchester United កំពុងចាប់អារម្មណ៍ចង់បានរូបគេទៅរួមក្រុម។
ចាប់តាំងពីផ្ទេរមកកាន់កីឡដ្ឋាន Elland Road កាលពីខែសីហា ឆ្នាំ២០២៥ Calvert-Lewin បានស៊ុតបញ្ចូលទីសរុប ១៥គ្រាប់ ក្នុងការប្រកួតគ្រប់កម្មវិធីនៅរដូវកាលដំបូងរបស់លោកជាមួយ Leeds។ ទម្រង់លេងដ៏ល្អនេះបានធ្វើឱ្យលោកទទួលបានការកោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសឡើងវិញ កាលពីខែមីនា។
ជាមួយគ្នានេះ លោកក៏ត្រូវបានគ្រូបង្វឹក Thomas Tuchel កោះហៅចូលក្រុមជម្រើសជាតិអង់គ្លេសម្ដងទៀតក្នុងរដូវស្លឹកឈើជ្រុះឆ្នាំនេះ ហើយបានចូលលេងជាកីឡាករបម្រុងក្នុងជ័យជម្នះរបស់អង់គ្លេសលើក្រុមជម្រើសជាតិឆេក និងអេស្ប៉ាញផងដែរ។
គួររំលឹកថា ក្នុងការប្រកួតដែល Leeds United យកឈ្នះ Chelsea យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ កាលពីថ្ងៃសៅរ៍ Calvert-Lewin ក៏បានស៊ុតបាល់ប៉េណាល់ទីបញ្ចូលទីមួយគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីមួយលើកផងដែរ៕










