លោក Trump ចោទប្រកាន់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកថាបានចេញផ្សាយតួលេខកំណើនសេដ្ឋកិច្ចដែលបំភាន់ដោយចេតនាមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ ហើយបានទាមទារឱ្យមានការស៊ើបអង្កេតជាបន្ទាន់។
ប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានទាមទាររកការស៉ើបអង្កេតបន្ទាន់មួយ ជុំវិញអ្វីដែលលោកចោទប្រកាន់ថា ជាការសម្រេចចិត្តដោយចេតនាក្នុងការបញ្ចេញតួលេខកំណើនសេដ្ឋកិច្ច «ក្លែងក្លាយ» មុនពេលការបោះឆ្នោតពាក់កណ្តាលអាណត្តិ ដែលបានធ្វើឡើងក្នុងខែនេះ។
នៅថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ទីភ្នាក់ងារវិភាគសេដ្ឋកិច្ច (BEA) នៃក្រសួងពាណិជ្ជកម្មអាមេរិក បានកែសម្រួលអត្រាកំណើនប្រចាំឆ្នាំសម្រាប់ត្រីមាសទី៣ ឱ្យកើនឡើងដល់ ៤,៣ភាគរយ ពីការប៉ាន់ប្រមាណបឋមចំនួន ៣,៤ភាគរយ ដែលបានប្រកាសកាលពីថ្ងៃទី២៩ ខែតុលា។ គណបក្សសាធារណរដ្ឋរបស់លោក ត្រាំ បានបរាជ័យធ្ងន់ធ្ងរនៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាលពីថ្ងៃទី៣ ខែវិច្ឆិកា។
លោក ត្រាំ បានលើកឡើងក្នុងការបង្ហោះមួយលើបណ្តាញសង្គម Truth Social ថា ទិន្នន័យពិតប្រាកដស្តីពីសេដ្ឋកិច្ច ដែលត្រូវបានផ្សព្វផ្សាយមុនការបោះឆ្នោតនោះ តាមពិតទៅគឺជារឿងក្លែងក្លាយ ប៉ុន្តែលោកមិនបានផ្តល់ភស្តុតាងណាមួយឡើយ។ លោក ត្រាំ បានលើកជាសំណួរឡើងថា «ហេតុអ្វីបានជាចំនួនត្រឹមត្រូវ មិនត្រូវបានចេញផ្សាយមុនពេលការបោះឆ្នោត? ខ្ញុំស្នើឱ្យមានការស៉ើបអង្កេតជាបន្ទាន់លើបញ្ហានេះ។ នេះមិនមែនជាកំហុសតូចតាចឡើយ ប៉ុន្តែវាជាកំហុសដ៏ធំធេង និងជាកំហុសដែលបានធ្វើឡើងដោយចេតនា»។
កន្លងមក BEA បញ្ជាក់ថាការប៉ាន់ប្រមាណរបស់ខ្លួនអាចនឹងខុសគ្នាពីតួលេខចុងក្រោយបង្អស់ ដោយសារការប៉ាន់ប្រមាណទុកមុនសម្រាប់កំណើនប្រចាំត្រីមាស នៅខ្វះទិន្នន័យប្រភពពេញលេញពាក់ព័ន្ធនឹងស្តុកទំនិញ ពាណិជ្ជកម្ម និងការចំណាយរបស់អ្នកប្រើប្រាស់លើសេវាកម្មនានា៕

រូបថត: Reuters









