ខេត្តព្រៃវែង៖ រថយន្ត១គ្រឿងដឹកកូនមាន់រស់រហូតដល់ទៅ ២៤,០០០ក្បាល ដែលត្រូវបាននាំចូលពីប្រទេសវៀតណាមតាមច្រករបៀងក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម ត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់បាន ខណៈកំពុងធ្វើដំណើរដើម្បីយកទៅចែកចាយបន្តក្នុងទីផ្សារខេត្តព្រៃវែង។
ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងនៅយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង។
តាមព័ត៌មានពីប្រតិបត្តិការនេះ មន្ត្រីជំនាញបានឃាត់រថយន្តម៉ាក Toyota Hilux ពាក់ស្លាកលេខភ្នំពេញ 2AC-5698 នៅលើផ្លូវជាតិ ត្រង់ចំណុចសាលាបឋមសិក្សាគ្រើល ស្ថិតក្នុងស្រុកកំពង់ត្របែក ខណៈរថយន្តនេះកំពុងដឹកកូនមាន់រស់ចំនួន ២៤,០០០ក្បាល ដែលមានប្រភពពីប្រទេសវៀតណាម និងត្រូវបាននាំចូលតាមច្រករបៀង ដើម្បីយកទៅលក់ និងចែកចាយបន្ត។
អ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ ក្រោយការត្រួតពិនិត្យ មន្ត្រីជំនាញបានរកឃើញថា ការដឹកជញ្ជូនកូនមាន់រស់ទាំងនេះ ពុំមានលិខិតអនុញ្ញាតនាំចូលពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឡើយ ដែលជាការបំពានលើច្បាប់ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ។
បច្ចុប្បន្ន កូនមាន់រស់ទាំង ២៤,០០០ក្បាល រួមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានមន្ត្រីជំនាញនាំយកទៅរក្សាទុកនៅទីតាំងចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់៕
ដោយ៖ សុរិយា










