Manchester United ប្រើសិទ្ធិបន្តកិច្ចសន្យា Bruno Fernandes រយៈពេលមួយឆ្នាំបន្ថែម

ចែករំលែក៖

ក្លិប Manchester United បានសម្រេចប្រើប្រាស់លក្ខខណ្ឌបន្តកិច្ចសន្យារយៈពេលមួយឆ្នាំបន្ថែម សម្រាប់ប្រធានក្រុម Bruno Fernandes ដោយធ្វើឱ្យកិច្ចសន្យារបស់ខ្សែបម្រើរូបនេះមានសុពលភាពរហូតដល់ឆ្នាំ២០២៨។

 

កីឡាករវ័យ ៣២ ឆ្នាំរូបនេះ ដើមឡើយមានកិច្ចសន្យាដែលត្រូវផុតកំណត់នៅរដូវក្តៅឆ្នាំក្រោយ។ ប៉ុន្តែប្រភពព័ត៌មានបានឱ្យដឹងថា ភាគីទាំងពីរយល់ឃើញថា ការប្រើប្រាស់ជម្រើសបន្តកិច្ចសន្យានេះ គឺជាផលប្រយោជន៍ដ៏ល្អបំផុតសម្រាប់ក្លិប និងកីឡាករ។

 

ការសម្រេចចិត្តនេះក៏មានន័យថា ក្លិបនៅក្រៅប្រទេសនឹងមិនអាចទាក់ទងចរចាជាមួយ Fernandes បានទេ នៅពេលទីផ្សារដោះដូរកីឡាករបើកនៅថ្ងៃទី១ ខែមករា។

 

កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះ បានបញ្ជាក់កាលពីថ្ងៃអង្គារថា ការពិភាក្សាអំពីកិច្ចសន្យាថ្មីត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ប្រភពព័ត៌មានបានឱ្យដឹងថា ការចរចានឹងចាប់ផ្តើមឡើងវិញ នៅពេលដែលចំណាត់ថ្នាក់របស់ Manchester United ក្នុងលីគមានភាពប្រសើរឡើង។

 

ចាប់តាំងពីផ្ទេរពី Sporting មកកាន់ Manchester United ក្នុងខែមករា ឆ្នាំ២០២០ ក្នុងតម្លៃ ៤៧ លានផោន Fernandes បានបង្ហាញខ្លួនសរុប ៣៤៣ ប្រកួត និងស៊ុតបញ្ចូលទីបាន ១១៥ គ្រាប់។

 

កាលពីរដូវកាលមុន គេបានបំបែកកំណត់ត្រា Premier League ផ្នែកបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី (Assists) ព្រមទាំងឈ្នះពានរង្វាន់បុគ្គលឆ្នើមប្រចាំឆ្នាំទាំងអស់ បន្ទាប់ពីបង្ហាញទម្រង់លេងដ៏អស្ចារ្យ និងជួយឱ្យ Manchester United បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ៣។

 

ទោះបីជាអនាគតរយៈពេលវែងរបស់ Fernandes នៅ Old Trafford នៅមិនទាន់មានភាពច្បាស់លាស់ក៏ដោយ ការបន្តកិច្ចសន្យានេះនឹងជួយឱ្យ Manchester United មានអំណាចក្នុងការទាមទារតម្លៃផ្ទេរ ប្រសិនបើកីឡាកររូបនេះចាកចេញនៅរដូវក្តៅខាងមុខ។

 

គួររំឭកថា Manchester United ធ្លាប់បើកចំហចំពោះលទ្ធភាពលក់ Fernandes កាលពីរដូវក្តៅឆ្នាំ២០២៥ ខណៈក្លិប Al Hilal នៅលីគ Saudi Pro League បានដាក់សំណើកិច្ចសន្យាដ៏ធំមួយ។

 

ក្រោយពិភាក្សាជាមួយភរិយា Fernandes បានសម្រេចចិត្តបន្តស្នាក់នៅ Manchester United។ ទោះជាយ៉ាងណា ក្រោយមកគេបាននិយាយថា ខ្លួនមានអារម្មណ៍ឈឺចាប់ដែលក្លិបមានឆន្ទៈលក់រូបគេ។ កាលពីថ្ងៃអង្គារ គេក៏បានបញ្ជាក់ជាថ្មីថា ខ្លួននៅតែមានមហិច្ឆតាចង់ឈ្នះពានរង្វាន់ធំៗបំផុតក្នុងពិភពបាល់ទាត់។

 

ដោយឡែក Fernandes កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ថា អាចចូលលេងបានឬអត់ សម្រាប់ការប្រកួត Premier League ទល់នឹង Brentford នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរូបគេបានត្រឡប់មកពីការប្រកួត Champions League ទល់នឹងអតីតក្លិប Sporting ដោយមានជំងឺឆ្លង។

 

ខ្សែបម្រើប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីទាំងពីរគ្រាប់ក្នុងលទ្ធផលស្មើ ២-២ ជាមួយអតីតក្លិបរបស់ខ្លួន ប៉ុន្តែគេមិនបានចូលរួមហ្វឹកហាត់កាលពីថ្ងៃសុក្រឡើយ។

 

លោក Mauricio Pochettino គ្រូបង្វឹក Manchester United បានបញ្ជាក់ថា លោកនឹងវាយតម្លៃស្ថានភាពសុខភាពរបស់ប្រធានក្រុមរូបនេះ នៅព្រឹកថ្ងៃសៅរ៍ មុនសម្រេចថាតើអាចដាក់ឱ្យចូលលេងបានឬអត់។

...

 

លោក Pochettino បាននិយាយថា៖ «យើងនឹងតាមដានស្ថានភាពរបស់គេក្នុងអំឡុងថ្ងៃនេះ ហើយនៅថ្ងៃស្អែក យើងនឹងពិនិត្យមើលថា តើគេមានស្ថានភាពយ៉ាងណា នៅពេលភ្ញាក់ពីដំណេក។ យើងនឹងមិនប្រថុយប្រថានឡើយ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print