ខេត្តស្វាយរៀង៖ ករណីហិង្សាដ៏គួរឱ្យព្រួយបារម្ភមួយបានកើតឡើងនៅក្នុងបរិវេណវិទ្យាល័យរមាសហែកបន្ទាប់ពីសិស្សស្រីម្នាក់ឈ្មោះ ប្រាក់ កញ្ចនា អាយុ ១៥ឆ្នាំ ជាសិស្សថ្នាក់ទី៩ «C» ត្រូវបានក្រុមសិស្សរៀនជាមួយគ្នាព្រួតវាយបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ ៩ព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា នៅវិទ្យាល័យរមាសហែក ស្ថិតក្នុងឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង។
ម្តាយរបស់កុមារីរងគ្រោះបានឱ្យដឹងថា ហេតុការណ៍នេះផ្តើមចេញពីទំនាស់ពាក្យសម្តីបន្តិចបន្តួចក្នុងថ្នាក់រៀន រហូតឈានដល់ការប្រើអំពើហិង្សាព្រួតវាយកូនស្រីរបស់គាត់យ៉ាងដំណំ។
ដោយសារស្ថានភាពរបួសមានសភាពធ្ងន់ធ្ងរ ក្រុមគ្រួសារបានសម្រេចបញ្ជូនជនរងគ្រោះទៅពិនិត្យ ស្កេន និងព្យាបាលបន្តនៅប្រទេសវៀតណាម។
ជុំវិញករណីនេះ អាណាព្យាបាលសិស្សរងគ្រោះបានទទូចអំពាវនាវដល់គណៈគ្រប់គ្រងវិទ្យាល័យរមាសហែក និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ស្រាវជ្រាវ កោះហៅក្រុមបង្កមកចាត់វិធានការដោះស្រាយតាមនីតិវិធី។ ជាមួយគ្នានេះ លោកស្រីក៏បានស្នើឱ្យមានការពង្រឹងវិន័យ សីលធម៌ និងវិធានការការពារសុវត្ថិភាពក្នុងសាលាឱ្យបានម៉ឺងម៉ាត់បំផុត ដើម្បីទប់ស្កាត់ និងលុបបំបាត់អំពើហិង្សាក្នុងបរិវេណសិក្សាឱ្យមានប្រសិទ្ធភាពខ្ពស់។
បើតាមលោក គង់ សំអឿន នាយកវិទ្យាល័យរមាសហែក បន្ទាប់ពីលោកបានទទួលព័ត៌មាន និងដឹងអំពីសកម្មភាពករណីហិង្សានេះរួចហើយ ភ្លាមៗលោកបានចុះទៅផ្ទាល់ដល់កន្លែងកើតហេតុ ប៉ុន្តែសិស្សដែលចូលរួមប្រើប្រាស់អំពើហិង្សានេះ បានបំបែកគ្នាអស់។ នៅស្អែកថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០២៦ លោកនឹងបញ្ជើញភាគីរងរបួស និងភាគីម្ខាងទៀត មកចូលរួមដោះស្រាយជាមួយក្រុមការងារគណៈវិន័យសាលា។
លោកបានបន្ថែមថា ជំហានដំបូងរកឃើញអ្នកពាក់ព័ន្ធសិស្សចំនួន៣នាក់ ទាំងសិស្សរងរបួស ក្រោយពីកើតហេតុភ្លាមៗក៏មានភាគីសិស្សរងរបួសបានមកសួរនាំករណីនេះដល់សាលាដែរ ប៉ុន្តែពាក់ព័ន្ធនិងអំពើហិង្សានេះលោកបានប្រាប់ទៅឲ្យជួបប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ត្រាច ដើម្បីបន្តនីតិវិធី ចំណែកខាងសាលាគឺមានគណៈគ្រប់គ្រងវិន័យ ដើម្បីហៅភាគីពាក់ព័ន្ធដោះស្រាយជុំវិញបញ្ហានេះ៕
ដោយ៖ សុថាន










