ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានអនុញ្ញាតឲ្យក្រុមបាល់ទាត់ក្រសួងព័ត៌មានចូលជួបសម្តែងការគួរសមនិងសុំអនុសាសន៍មុនថ្ងៃប្រកួតដណ្តើមពានរង្វាន់កីឡាបាល់ទាត់អន្តរក្រសួង កាលពីរសៀលថ្ងៃទី៦ខែតុលាឆ្នាំ២០១៦ នៅទីស្តីការក្រសួងព័ត៌មានដើម្បីឲ្យក្រុម កីឡាបាល់ទាត់ក្រសួងព័ត៌មានកាន់តែមានភាពស្វាហាប់ឈានទៅដណ្តើមជ័យជម្នះ ។
លោក អន ឃួនសំអូន ប្រធានក្រុមបាល់ទាត់ក្រសួងព័ត៌មានបានជម្រាបលោករដ្ឋមន្ត្រីថា ក្នុងនាមរូបលោកតំណាងឲ្យក្រុមបាល់ទាត់ក្រសួងព័ត៌មានសូមថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីដែលបានអនុញ្ញាតឲ្យក្រុមរបស់លោកបានចូលជួប សម្តែងការគួរសមនិងសុំអនុសាសន៍ដ៏ថ្លៃថ្លាក្នុងឱកាសនេះ។ លោកបានបន្តថា ក្រុមកីឡាបាល់ទាត់ក្រសួងព័ត៌មានបានចូលរួមកម្មវិធីខាងលើនេះចំនួន៤លើករួចមក ហើយ ពោលគឺចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។ ក្រៅពីនេះក្រុមបាល់ទាត់ក្រសួងព័ត៌មានធ្លាប់បានចូលរួមប្រកួតជាលក្ខណៈមិត្តភាពក៏ដូចជាការប្រកួតដណ្តើមពានរង្វាន់អន្តរក្រសួងដែលរៀបចំដោយសភាព សហព័ន្ធយុវជនកម្ពុជា ។
សម្រាប់ឆ្នាំ ២០១៦ នេះក្រុមកីឡាបាល់ទាត់ក្រសួងព័ត៌មានបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួចជាស្រេច គឺបានប្រមូលផ្តុំហ្វឹកហាត់តាំងពីដើមឆ្នាំរហូតដល់បច្ចុប្បន្ននិងបានបំផុសចលនាមហាជនក្នុងគោលបំណងឲ្យមន្រ្តី របស់ក្រសួងទាំងអស់ទាំងវ័យចំណាស់និង វ័យក្មេងៗក៏អាចចូលរួមលេងកីឡានេះបានទាំងអស់គ្នាសំដៅធ្វើយ៉ាងណាឲ្យវិស័យ កីឡារបស់យើងកាន់តែរីកចម្រើនឡើង។ ម្យ៉ាងវិញទៀតដើម្បីបំផុសដល់ស្រទាប់ មហាជនយុវជន សិស្ស និស្សិតនៅតាម ក្រសួងស្ថាប័នរដ្ឋ និងឯកជនទាំងអស់ធ្វើយ៉ាងណាចូលរួមចំណែកក្នុងវិស័យកីឡាទាំងអស់គ្នាដើម្បីធ្វើដំណើរឆ្ពោះទៅឆ្នាំ២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២។
ក្នុងឱកាសនោះដែរលោករដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញឲ្យក្រុមកីឡាករបាល់ទាត់ក្រសួងព័ត៌មានទាំងអស់ត្រូវសាមគ្គីគ្នាជាធ្លុងមួយទើបយើងអាចដណ្តើមជ័យជម្នះបានថ្វីដ្បិតតែយើងលេងកីឡាដើម្បីសុខភាពមិត្តភាពសាមគ្គីភាពនិងរឹតចំណងសាមគ្គីភាពពីស្ថានប័នមួយទៅស្ថាប័នមួយក៏ពិតមែន ប៉ុន្តែយើងក៏ត្រូវការជ័យជម្នះក្នុងការប្រកួតដណ្តើមពានរង្វាន់អន្តរក្រសួងនេះដែរ។ ក្នុងនោះលោករដ្ឋមន្រ្តីក៏បានថ្លែង អំណរគុណចំពោះក្រុមហ៊ុនអង្គរសារីតាដែលតែងតែឧបត្ថមទាំងការហ្វឹកហាត់និងប្រកួតតាំងពីដើមឆ្នាំមក ៕
ដោយ៖ សារីម